តូច ទូ ស្វាគមន៍អ្នកប្រដាល់ទុយនេស៊ី ចំណែក វេង សុភ័ក្ត្រ ជួបថៃនៅយប់ថ្ងៃសៅរ៍នេះ

នូ មករា May 11, 2018


 ភ្នំពេញ៖​ អ្នកប្រដាល់កម្ពុជា តូច ទូ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលមានឱកាសដ៏កម្រដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសនោះ នឹងបង្ហាញខ្លួននៅយប់ថ្ងៃទី១២ ខែឧសភាលើសង្វៀនអាស៊ីអាគ្នេយ៍ដោយត្រូវតស៊ូជាមួយអ្នកប្រដាល់ជនជាតិទុយនេស៊ីដែលហ្វឹកហាត់នៅស្រុកថៃឈ្មោះ ម៉ាឌី ហ្សការីយ៉ា (Madi Zakaria) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៩ គីឡូក្រាម ។ នេះជាការប្រកួតនៅស្រុកខ្មែរលើកដំបូងរបស់អ្នកប្រដាល់ជនជាតិអាហ្វ្រិករូបនេះ ។ គេមិនដឹងថាអ្នកប្រដាល់ស្បែកសខ្មៅរូបនេះមានរបៀបវាយយ៉ាងណាហើយខ្លាំងឬក៏ខ្សោយនោះទេ។ បើតាមប្រវត្តិប្រកួតនោះគេធ្លាប់ប្រកួតចំនួន៤៧ដង ឈ្នះ៣៥ដង ចាញ់១២ដង គឺមិនជាខ្សោយនោះទេ ។
ចំពោះ តូច ទូ វិញមិនមែនជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងនោះទេ ប៉ុន្តែការវាយចេញរបស់អ្នកប្រដាល់រូបនេះធ្ងន់ៗណាស់ ។ គេមានប្រវត្តិប្រកួតចំនួន៥៨ដង ឈ្នះ៤៣ ដង ចាញ់១៣ដង និងស្មើពិន្ទុ ២ដង ។
ក្នុងព្រឹត្តិការណ៍នេះដែរ វេង សុភ័ក្រ្ត របស់ក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ហ្វា នីមីត (FA NIMITH) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣៥០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ហើយការប្រកួតរបស់គេភាគច្រើនបានទទួលជ័យជម្នះ ឬ ក៏ផ្ដួលគូប្រកួតឲ្យសន្លប់ទៀតផង ។ ហ្វា នីមីត មានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៥ដង ចាញ់ ១១ដង និងស្មើពិន្ទុ ១ដង ។ ចំពោះ វេង សុភ័ក្ត្រ វិញមួយរយៈនេះគេមានការស្រុតចុះច្រើនគួរសមដែរ ។ ការប្រកួតរបស់គេជួនក៏ឈ្នះ ជួនក៏ចាញ់ ហើយអ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន៨០ដង ឈ្នះ៦៧ដង ចាញ់១២ដង និងស្មើពិន្ទុ ១ដង ។ ជំនួបនេះអាចជាការងារធ្ងន់សម្រាប់សុភ័ក្ត្រហើយ!
អត្ថបទ៖ វ៉ាន្នី

មតិយោបល់