ថុល មករា និង ឃីម បូរ៉ា ទទួលភ្ញៀវថៃនៅ My TV ស្អែកនេះ

នូ មករា May 11, 2018


ភ្នំពេញ៖ នៅលើសង្វៀន MY-TV នាយប់ថ្ងៃទី១១ ខែឧសភាអ្នកប្រដាល់កម្ពុជា ២ រូបគឺ ឃីម បូរ៉ា មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ និង ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាមានភារកិច្ចទទួលភ្ញៀវថៃដើម្បីសាកកម្លាំងគ្នាមើល ។ មករា មួយរយៈនេះការប្រកួតរបស់គេជួបសំណាងល្អច្រើនក្រៅពីយកឈ្នះគូប្រកួតបានដោយពិន្ទុនោះពេលខ្លះគេបានផ្ដួលគូប្រកួតបានមុនទឹកទី៥ ទៀតផង ។ គូប្រកួតរបស់គេលើកនេះគឺអ្នកប្រដាល់ថៃ Keat Phit ដោយពួកគេប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៨៤ដង ឈ្នះ៥៥ដង ចាញ់២៧ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៨ដង ។

ចំពោះអ្នកប្រដាល់ថៃ Keat Phit វិញមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៧០ដង ចាញ់១២ដង ស្មើពិន្ទុ ៣ ដងនិងវាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដង ។ ជំនួបមួយនេះទំនងមិនមែនជាការងារស្រាលសម្រាប់ ថុល មករា ឡើយ ។

ចំពោះ ឃីម បូរ៉ា វិញគេត្រូវជួបជាមួយអ្នកប្រដាល់ថៃ Sing Phayak ។ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ បូរ៉ា គឺជាអ្នកប្រដាល់ដែលមានផ្លែល្អដែរតែអ្នកប្រដាល់រូបនេះចិត្តមិនសូវធ្ងន់ទេ ហើយទោះបីកែង កណ្ដាប់ដៃ និងជង្គង់របស់គេរហ័សមែនតែបើគូប្រកួតច្រាស់មកធ្ងន់តែបន្តិចនោះចិត្តរបស់គេធ្លាក់មកតូចតែម្ដង ។ បូរ៉ា មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៥៣ដង ចាញ់២៤ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំ នួន២០ដង ។ ចំពោះអ្នកប្រដាល់ថៃ Sing Phayak វិញមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥២ដង ចាញ់១៣ ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់