ជើងខ្លាំង ចាន់ ប៊ុនហឿន ប៉ះថៃ ខណៈ អ៊ុំ ចំរើន ចេញមុខមកស្ដារកេរ្តិ៍ឈ្មោះជាថ្មី

នូ មករា May 11, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា អ៊ុំ ចំរើន មកពីក្លិបតាឡីដំរីមានរិទ្ធនឹងចេញមុខមកតស៊ូជាមួយអ្នកប្រដាល់ថៃ ភេច ម៉ានី (Phich Many) លើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១២ ខែឧសភាបន្ទាប់ពីការប្រកួតរបស់គេចុងក្រោយបានទទួលបរាជ័យរួចមក ។ រូបគេគឺជាអ្នកប្រដាល់ដែលមានកណ្ដាប់ដៃធ្ងន់វាយចេញបានល្អ ទាត់ចេញធ្ងន់ តែមានចិត្តតូច និងខ្សោយពោះ ។ នៅពេលប្រកួតគេចូលចិត្តវាយប្រហារលើគូប្រកួតមុនណាស់តែបើគូប្រកួតវាយលុកសងវិញនោះទឹកចិត្តរបស់គេធ្លាក់ចុះតែម្ដង ។ ចំរើន មានប្រវត្តិប្រកួតចំនួន១១៧ដង ឈ្នះ៧៩ដង ចាញ់៣៨ ដង ។

ចំពោះអ្នកប្រដាល់ថៃ ភេច ម៉ានី វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ។ អ្នកប្រដាល់ដែលមានទម្ងន់៦៩គីឡូក្រាមបែបនេះទំនងជាមិនអន់នោះទេ ។ គេធ្លាប់ប្រកួតចំនួន៨១ដង ឈ្នះ៦៦ដង ចាញ់១២ដង និងស្មើពិន្ទុ ៣ដង ។ តើក្នុងជំនួបមួយនេះ អ៊ុំ ចំរើន អាចមានសមត្ថភាពស្ដារកេរ្តិ៍ឈ្មោះបានឬទេ?

មួយគូទៀតនោះគឺ ចាន់ ប៊ុនហឿន មកពីក្លិបនិរោធន៍មានជ័យត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ផារ ឆាយ៉ាភូមិ (Phat Chhayakphum)ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ទាំង២រូបនេះសុទ្ធតែមិនអន់ដូចគ្នាហើយអ្នកប្រដាល់ថៃរូបនេះមួយរយៈនេះពុំដែលចាញ់លើសង្វៀននៅស្រុកខ្មែរឡើយ ។ ប៊ុនហឿន វិញទោះបីគេមិនសូវបង្ហាញមុខប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ក៏ពិតមែនប៉ុន្តែគេក៏ជាអ្នកខ្លាំងមួយរូបដែរ ។ កីឡាករកម្ពុជានេះមានប្រវត្តិប្រកួតចំនួន៦៧ដង ឈ្នះ៥៦ដង ចាញ់១០ដង និងស្មើពិន្ទុ ១ដង ។ ចំពោះ ផាត ឆាយ៉ាកភូមិ វិញមានប្រវត្តិប្រកួតចំនួន៧៧ដង ឈ្នះ៦៣ដង ចាញ់១៣ដង និងស្មើពិន្ទុ១ ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់