គ្រៀង ក្រៃ ស្ពាយខ្សែក្រវាត់ និងលុយ២០លានរៀលទៅស្រុកវិញក្រោយឈ្នះ ជឹម ចិត្រា

នូ មករា April 29, 2018


 ភ្នំពេញ៖ ទីបំផុតខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកប្រដាល់ថៃ គ្រៀង ក្រៃ (Kreang Krai) ដូចការគិតទុកមែន ។ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាល្ងាចថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ គ្រៀង ក្រៃ ប្រើពេលតែ៣ទឹកប៉ុណ្ណោះ ដោយអាជ្ញាកណ្ដាលបង្ខំចិត្តបញ្ឈប់ ជឹម ចិត្រា មិនឲ្យប្រកួតបន្តទៀតដោយសារតែគេអសមត្ថភាពខ្លាំងពេក ។ ជារួម ចិត្រា បានចាញ់ប្រៀបគូប្រកួតរបស់គេតាំងពីដើមទឹកទី១មកម្ល៉េះ ។ គួររំលឹកថា កាលពីជំនួបក្នុងវគ្គវិលជុំ ចិត្រា ត្រូវ គ្រៀង ក្រៃ ទាត់មួយជើងចំកញ្ចឹង ក បណ្ដាលឲ្យសន្លប់នៅទឹកទី១ ។
រីឯការប្រកួតផ្ដាច់ព្រ័ត្រនេះវិញទោះបី ចិត្រា បានប្ដូរឥរិយាបទប្រកួតក៏ពិតមែនប៉ុន្តែគ្រាន់តែនៅទឹកទី១ ចិត្រា ត្រូវ គ្រៀង ក្រៃ វាយឲ្យដួលចំនួន ៣លើកទៅហើយ ។ ចិត្រា ដែលចង់សាកល្បងជើងជាមួយ គ្រៀង ក្រៃ នោះនៅទឹកទី២គេត្រូវអាជ្ញាកណ្ដាលរាប់៨ បន្ទាប់ពី គ្រៀង ក្រៃ វាយប្រហាក្រោមសងវិញ ។ លុះនៅទឹកទី៣ ចិត្រា ក៏ត្រូវអាជ្ញាកណ្ដាលរាប់៨ចំនួន២លើកទៀតមុនបញ្ឈប់លែងឲ្យបន្តការប្រកួតតែម្តង ។ សូមបញ្ជាក់ថា គ្រៀង ក្រៃ ទទួលបានរង្វាន់អមខ្សែក្រវាត់ចំនួន២០.០០០.០០០រៀលប្រហាក់ប្រហែលនឹង៥.០០០ដុល្លារ រីឯ ចិត្រា ទទួលបាន៣.០០០ដុល្លារ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់