សហព័ន្ធគុនខ្មែរ រងការរិះគន់រឿងកីឡាករចេញទៅប្រកួតនៅថៃគ្មានច្បាប់ត្រឹមត្រូវ

នូ មករា April 24, 2018


ភ្នំពេញ៖ ខណៈពេលដែលសហព័ន្ធកីឡានីមួយៗកំពុងតែដំណើរការក្នុងការអភិវឌ្ឍន៍ខ្លួនឆ្ពោះទៅរកភាពជោគជ័យសម្រាប់ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរនៅតែដើរយឺតដោយមានបញ្ហាមិនចេះចប់ ព្រមទាំងរងការរិះគន់ថាមានទាំងការស៊ីសំណូក កាត់ក្ដីលម្អៀង ជម្លោះផ្ទៃក្នុង និងការនាំកីឡាករចេញទៅប្រកួតក្រៅប្រទេសគ្មានច្បាប់ត្រឹមត្រូវជាដើម ។  

មតិរិះគន់នេះបានលេចលឺកាលពីម្សិលមិញបន្ទាប់ពីតំណាងក្លិបប្រដាល់មួយចំនួនបានឃើញវត្តមានរបស់កីឡាករកីឡាករ ម៉ឺន ដា របស់កម្ពុជាក្នុងកម្មវិធី MAX Muay Thai នៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ កាលពីថ្ងៃសៅរ៍កន្លងទៅ ។ កីឡាកររូបនេះកន្លងមកធ្លាប់ត្រូវបានឈ្មួញប្រដាល់នាំទៅប្រកួតដោយគ្មានការអនុញ្ញាតពីក្លិប និងសហព័ន្ធម្តងហើយ កាលពីខែមីនា កន្លងមក ដោយកាលនោះ ម៉ឺន ដា បានយកឈ្នះអ្នកប្រដាល់ថៃដើម្បីឈ្នះបានខ្សែក្រវាត់ The Global Fight ហើយកាលពីថ្ងៃសៅរ៍កន្លងមកនេះ ម៉ឺន ដា បានចេញទៅប្រកួតក្នុងកម្មវិធី MAX Muay Thai ម្តងទៀត ដោយទទួលបានលទ្ធផលស្មើគ្នាជាមួយថៃ។

តំណាងសហព័ន្ធមួយចំនួនសុំមិនបញ្ចេញឈ្មោះបានរិះគន់ថា សហព័ន្ធកីឡាគុនខ្មែរបានត្រឹមប្រកាសចាត់វិធានការដាក់ទារុណកម្មទៅលើកីឡាករ និងក្លិប ប៉ុន្តែនៅតែគ្មានប្រសិទ្ធភាពក្នុងការស្វែងរកបុគ្គល ឬឈ្មួញប្រដាល់ដែលបានលួចយកកីឡាករពីក្លិបរបស់គេទៅប្រកួតដោយគ្មានការអនុញ្ញាតឡើយ។ ប្រភពដដែលបានបន្តថា សហព័ន្ធគួរតែរកមុខមន្ត្រីដែលជាឈ្មួញកណ្តាលនាំកីឡាករកម្ពុជាទៅប្រកួតនៅក្រៅប្រទេសខុសច្បាប់នោះឲ្យឃើញ ដើម្បីដាក់ពិន័យ និងត្រូវធ្វើឲ្យស្មើភាពគ្នា ព្រោះកន្លងមកធ្វើបានតែចំពោះអ្នកតូចតាច ប៉ុន្តែអ្នកធំលាក់មុខរកមិនឃើញ និងមិនដែលព្រមាននោះទេ ឬមួយសហព័ន្ធគ្មានសមត្ថភាពគ្រប់គ្រង?។ ទាក់ទងបញ្ហានេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ មិនអាចទាក់ទងសុំការពន្យល់លើករណីឈ្មួញប្រដាល់នាំកីឡាករទៅប្រកួតល្មើសច្បាប់សារជាថ្មីនេះបានទេ។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះអ្នករៀបចំព្រឹត្តិការណ៍ MAX Muay Thai ប៉ុស្តិ៍លេខ៨ថៃ តែងតែផ្តល់ឱកាសឲ្យកីឡាករខ្មែរឡើងប្រកួតជានិច្ចប៉ុន្តែមិនទាន់បានសហការជាផ្លូវការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរនូវឡើយហើយពេលខ្លះកីឡាករកម្ពុជាទៅប្រកួតគ្រាន់តែបង្គ្រប់កិច្ចក្នុងឋានៈជាអ្នកចាញ់គេ ទាំងគ្មានសមត្ថភាពតដៃជាមួយគេបានផង គឺសន្លប់ទាំងប្រកួតមិនគ្រប់ទឹក ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់