អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ នឹងចេញទៅប្រកួតនៅស្រុកបារាំង៣ខែ

នូ មករា April 3, 2018


ភ្នំពេញ៖ អ្នកប្រដាល់ រឿង សោភ័ណ្ឌ មកពីក្លិបម្កុដរាជសីហ៍នឹងចេញដំណើរទៅកាន់ប្រទេសបារាំងនៅយប់ថ្ងៃទី៥ ខែមេសាខាងមុខដើម្បីប្រកួតនៅទីនោះ ។ អ្នកប្រដាល់ពូកែឆ្វេង រូបនេះអាចវាយចេញប្រកបដោយប្រសិទ្ធភាពទាំងកែង កណ្ដាប់ដៃ ជង្គង់ និងទាត់ ។ រូបគេមានអាយុ២៧ឆ្នាំ និងមានប្រវត្តិប្រកួតចំនួន១៦០ដង ឈ្នះ១៤០ដង ចាញ់១៥ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៦៥ដង ។

ក្នុងពិធីសំណេះសំណាលជូនសំណើរនាល្ងាចថ្ងៃទី២ ខែមេសាម្សិលមិញ លោក មៀម ស៊ីសារ៉ា ដែលជាប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិប្រចាំប្រទេសបារាំងបានឲ្យដឹងថា កីឡាករ រឿង សោភ័ណ្ឌ នឹងត្រូវហ្វឹកហាត់ក៏ដូចជាប្រកួតនៅប្រទេសបារាំងចំនួន៣ខែ ។ ក្នុងនោះដែរការប្រកួតរបស់គេមានចំនួន ៣ប្រកួតតែលោកនៅមិនទាន់ដឹងថាត្រូវជួបជាមួយអ្នកប្រដាល់ប្រទេសណាខ្លះនោះទេព្រោះមានប្រទេសច្រើនចូលរួមហើយអ្វីៗវាស្ថិតនៅលើការចាប់ឆ្នោត ។ លោកបានបន្តថា ក្រៅពីការប្រកួត សោភ័ណ្ឌ ក៏នៅមានកាតព្វកិច្ចមួយទៀតគឺផ្សព្វផ្សាយពីប្រដាល់គុនខ្មែរនៅទ្វីបអឺរុបព្រោះការប្រកួតនោះភាគច្រើនជាអ្នកប្រដាល់ជនជាតិអឺរុបដែលគេហ្វឹកហាត់ប្រដាល់គុនខ្មែរ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានបញ្ជាក់ថា នេះជាការចេញទៅប្រកួតដោយមានការដឹងឮពីសហព័ន្ធ និងពីស្ថាប័នពាក់ព័ន្ធនានា ហើយលោកបានបន្តថា នៅប្រទេសបារាំងខុសពីស្រុកខ្មែរទាំងអាកាសធាតុ ទាំងពេលវេលា ដូច្នេះរយៈពេលប៉ុនណេះអាចផ្តល់ឱ្យអ្នកប្រដាល់កម្ពុជារូបនេះមានឱកាសគ្រប់គ្រាន់ដើម្បីសម្របខ្លួនទៅតាមពេលវេលា និងអាកាសធាតុបាន។ ទន្ទឹមនឹងនេះ លោក យុទ្ធ ភូថង ប្រធានកិត្តិយសសហព័ន្ធប្រដាល់គុនខ្មែរបានសំណូមពរឲ្យ សោភ័ណ្ឌ ខិតខំហ្វឹកហាត់ និងប្រកួតឲ្យអស់ពីសមត្ថភាពទោះបីចាញ់ក៏ចាញ់ដោយអស់ចិត្តដែរ ។ លោកក៏បានបន្ថែមថា កាលពី៨ឆ្នាំមុនឮសូរតែជួបជាមួយអ្នកប្រដាល់ថៃនរណាក៏រួញរាដែរតែពេលនេះកម្ពុជាមិនចាញ់ថៃដូចមុនទៀតទេ ។ សូមបញ្ជាក់ថា ជាមួយនឹងការសំណេះសំណាលនោះ លោក យុទ្ធ ភូថង, សហព័ន្ធប្រដាល់គុនខ្មែរ និងសប្បុរសជននានាបានចូលរួមឧបត្ថម្ភនូវថវិកាមួយចំនួនដល់អ្នកប្រដាល់រូបនេះជាការលើកទឹកចិត្តផងដែរ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់