ខ្សែក្រវាត់ខារ៉ាបាវ៖ មឿន សុខហ៊ុច អាចកក់កៅអីជុំផ្តាច់ព្រ័ត្រក្នុងជំនួបជាមួយថៃបានទេ?

នូ មករា March 29, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលថ្ងៃទី៣១ ខែមីនាខាងមុខនេះអ្នកប្រដាល់ថៃ គ្រៀង ក្រៃ (Kreang Krai) ត្រូវជួបជាមួយ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស ខណៈដែលអ្នកប្រដាល់ថៃរូបនេះគឺបេក្ខភាពដែលត្រូវប្រជែងដើម្បីដណ្ដើមយកកៅអីវគ្គផ្ដាច់ព្រ័ត្រផងដែរនោះ ។ ជារួមកីឡាករថៃ ២រូបគឺ គ្រៀង ក្រៃ និង ភេច ណាំអេក ដែល៣ ប្រកួតរបស់ពួកគេសុទ្ធតែឈ្នះទាំង៣ប្រកួតដូចគ្នានោះកំពុងព្យាយាមយ៉ាងស្វិតស្វាញដើម្បីទទួលបានកៅអីនៅជុំចុងក្រោយជាបន្តទៀត ។ 
សម្រាប់ គ្រៀង ក្រៃ ៣ប្រកួតរបស់គេបានឈ្នះទាំង៣ប្រកួតដោយវាយគូប្រកួតឲ្យសន្លប់ទាំង៣ប្រកួតគឺសន្លប់ទឹកទី៤មួយប្រកួត, សន្លប់ទឹកទី២ មួយប្រកួត និងសន្លប់ទឹកទី១ មួយប្រកួត ប៉ុន្តែមួយប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះជួប មឿន សុខហ៊ុច ដែលជាអ្នកប្រដាល់មិនស្រួលបង្ក្រាបនោះឡើយ ។
នេះជាការប្រកួតដ៏តឹងតែងរបស់ គ្រៀង ក្រៃ ព្រោះគេត្រូវការឈ្នះជាចាំបាច់ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់១៣ដង ។ ចំពោះ មឿន សុខហ៊ុច វិញការប្រកួតនេះទោះបីគេចាញ់ឬឈ្នះក៏គេមានកៅអីសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែរព្រោះអ្នកប្រដាល់កម្ពុជា ៣ រូបផ្សេងទៀតសុទ្ធតែមានសមត្ថភាពនៅមានកម្រិតៗពោលគឺមានតែ ជឹម ចិត្រា មកពីក្លិបខ្លារខិនមានរិទ្ធមួយរូបប៉ុណ្ណោះដែល៣ប្រកួត ឈ្នះបាន១ ប្រកួតចាញ់២ប្រកួត ចំនែកឯ ង៉ែត រដ្ឋា របស់ក្លិបតាព្រហ្មមានជ័យ និង គឹម វាសនា មកពីក្លិបទ័ពឆ័ត្រយោង៩១១ការប្រកួតចំនួន៣លើករបស់ពួកគេចាញ់ទាំង ៣ ប្រកួត ។ សុខហ៊ុច ដែលមានប្រវត្តិប្រកួតចំនួន១៣៨ដង ឈ្នះ១១០ដង ចាញ់២៤ដង ស្មើពិន្ទុ៤ដងមានសមត្ថភាពអាចយកឈ្នះ គ្រៀង ក្រៃ បានឬទេ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់