TV5 Boxing Knock-Out Series: នរណានឹងត្រូវដើរចេញបន្តទៀតនៅសប្តាហ៍នេះ?

នូ មករា March 28, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៣១ ខែមីនានេះមិនដឹងថា នរណានឹងត្រូវបន្តដើរចេញទៀតនោះឡើយ ខណៈដែលមានអ្នកប្រដាល់ ៤រូបហើយដែលបានកក់កៅអីទុកសម្រាប់ការប្រកួតជម្រុះជុំទី៣ដែលក្នុងនោះមានកីឡាករ ម៉ន រដ្ឋា មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក, ធន មករា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ, យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធ និង បឺត សង្ឃឹម របស់ក្លិបរ៉ាហាប់ស្វាយប៉ាក ។
ដោយឡែកសម្រាប់ថ្ងៃទី៣១ ខែមីនាខាងមុខនេះអ្នកប្រដាល់ ផាន់ ពិសិដ្ឋ មកពីក្លិបពុទ្ធសេរីវង្សត្រូវជួបប្រកួតជើងខ្លាំង សង គង់ មកពីក្លិបអេភូថងកីឡា ចំណែកឯ រឿន ឈី មកពីក្លិបគុហារព្រហ្មជ័យខេត្តសៀមរាបជួបជាមួយអ្នកប្រដាល់ លឹម ឡេង របស់ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ចំពោះការប្រកួតជាមិត្តភាពជាមួយថៃវិញនោះ សារឿន ចាន់របស់ក្លិបតាព្រហ្មមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ផាត ងិនថង (Phat Nginthong) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ហើយកន្លងមកនេះមានអ្នកប្រដាល់ជើងខ្លាំងស្រុកខ្មែរមិនតិចទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះបង្ក្រាបបាន ។ ចំពោះ សារឿន ចាន់ វិញមួយរយៈនេះហាក់ដូចជាស្រុតចុះច្រើន ដូច្នេះ ចាំមើលតើការប្រកួតមួយនេះនរណាជាអ្នកឈ្នះ ?
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់