មឿន សុខហ៊ុច និង ជឹម ចិត្រា ត្រូវប៉ះជើងខ្លាំងថៃលើសង្វៀន SEA TV ថ្ងៃសៅរ៍នេះ

នូ មករា March 13, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦៥គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍រសៀលនាថ្ងៃទី១៧ ខែមីនា ខាងមុខនេះគេមានជំនឿចិត្តថាអ្នកប្រដាល់ថៃ គ្រៀង ក្រៃ (Kreang Krai) នឹងបន្ថែមស្ថិតិឈ្នះក្នុងកំណត់ត្រាប្រកួតរបស់ខ្លួនបានមួយទៀតជាមិនខានព្រោះ ជឹម ចិត្រា ក្លិបខ្លារខិនមានរិទ្ធទំនងមិនមែនជាឧបសគ្គសម្រាប់គេឡើយ ។ ទោះបីជា គ្រៀង ក្រៃ មានវ័យច្រើនបន្តិចមែនប៉ុន្តែ ២ ប្រកួតរបស់គេសុទ្ធតែបានទទួលជ័យជម្នះ ហើយគេគឺជាអ្នកប្រដាល់ដែលមានស្នៀតជង្គង់ កែង និងកណ្ដាប់ដៃល្អមិនតែប៉ុណ្ណោះគេក៏ការពារបានល្អដែរទោះបីគេជាអ្នកប្រដាល់ដែលមិនសូវចូលចិត្តវាយប្រហារលើគូប្រកួតមុនក៏ពិតមែនតែការវាយចេញរបស់គេមានប្រសិទ្ធិភាពណាស់ ។ អ្នកប្រដាល់ថៃរូបនេះមានចិត្តធ្ងន់ និងមិនឆេវឆាវឡើយហើយគេមានប្រវត្តិប្រកួតចំនួន៩៤ដង ឈ្នះ៧២ដង ចាញ់ ១៩ដងស្មើពិន្ទុ ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១២ដង ។
ចំពោះអ្នកប្រដាល់កម្ពុជា ជឹម ចិត្រា វិញពេលខ្លះគេវាយបានល្អតែពេលខ្លះក៏យ៉ាប់ដែរតែគេជាអ្នកប្រដាល់ដែលមានចិត្តធំណាស់ ហើយ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះបានឈ្នះបាន ១ប្រកួត និងចាញ់ ១ប្រកួត ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៧៣ដង ឈ្នះ៥៨ដង ចាញ់១៤ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២រូបនេះមិនដឹងថានរណាជាអ្នកឈ្នះនោះទេ ។ ពួកគេសុទ្ធតែត្រូវការឈ្នះដូចគ្នាព្រោះកៅអីនៅវគ្គផ្ដាច់ព្រ័ត្រមានតម្លៃខ្ពស់ណាស់ ។
នៅក្នុងព្រឹត្តិការណ៍នេះដែរកីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សត្រូវប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ សេន ឃូម (Sen Khum) ។ សេន ឃូម មិនមែនជាអ្នកប្រដាល់ដែលស្រួលបង្ក្រាបនោះទេព្រោះ ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះគេបានឈ្នះទាំង ២ប្រកួត ។ ចំពោះ សុខហ៊ុច វិញ២ប្រកួតរបស់គេឈ្នះមួយប្រកួតចាញ់មួយប្រកួត ។ ការប្រកួតមួយនេះប្រសិនបើ សុខហ៊ុច ចាញ់គេនឹងបាត់បង់ឱកាសទាំងស្រុងសម្រាប់ដណ្ដើមយកកៅអីផ្ដាច់ព្រ័ត្រហើយ ។ ចំពោះ សេន ឃូម វិញមានប្រវត្តិប្រកួតចំនួន៦៩ដង ឈ្នះ៦២ដង ចាញ់៦ដង និងស្មើពិន្ទុ ១ដង រីឯ សុខហ៊ុច វិញមានប្រវត្តិប្រកួតចំនួន១៣៨ដង ឈ្នះ១១០ដង ចាញ់២៤ដង និងស្មើពិន្ទុ៤ដង ។ នេះជាការស្វែងរកសំណាងដ៏សំខាន់ណាស់សម្រាប់ សុខហ៊ុច ព្រោះគេត្រូវតែឈ្នះដាច់ខាតចំពោះការប្រកួតនេះបើមិនដូច្នោះទេគេអស់ឱកាសហើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់