ប្រដាល់គុនខ្មែរក្នុងព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះមានសុទ្ធតែកីឡាករខ្លាំងៗ និងវ័យក្មេង

នូ មករា March 9, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះកំពុងដំណើរការហើយដែលមានរយៈពេល៣ថ្ងៃពោលគឺចាប់ពីថ្ងៃទី ៩-១១ ខែមីនា ដោយប្រភេទកីឡាប្រដាល់គុនខ្មែរត្រូវប្រកួតរយៈពេល២ថ្ងៃ គឺថ្ងៃដំបូងនៃកម្មវិធីបុណ្យទន្លេ និងថ្ងៃបញ្ចប់នៃពិធីបុណ្យទន្លេ។ នៅក្នុងពិធីដ៏ធំនេះ កីឡាករ រឿង សោភ័ណ្ឌ ដែលមានប្រវត្តិប្រកួត១៤៤ដង ឈ្នះ១២៦ដង ចាញ់១៦ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់៣៧ដង ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ។

បើតាមជំនួយការរបស់ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCCបានឱ្យដឹងថា៖រឿង សោភ័ណ្ឌមកពីក្លិបមកុដរាជសីហ៍ ត្រូវប្រកួតជាមួយកីឡាករថៃ ឃុន ផែន ក្នុងនាមជាគូសងសឹក ដែលគូនេះប្រកួតគ្នា៤លើករួចមកហើយនៅលើសង្វៀនទូរទស្សន៍ស៊ីអិនស៊ី ដោយក្នុងនោះ រឿង សោភ័ណ្ឌ បានយកឈ្នះ៣លើក និងស្មើ១លើក ។ ការវិលត្រឡប់មកសងសឹករបស់កីឡាករថៃ ឃុន ផែន លើកនេះមិនដឹងថាបានសម្រេចឬយ៉ាងណានោះទេ ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នានៅថ្ងៃទី១១ ខែមីនា ក្នុងព្រឹត្តិការណ៍បុណ្យទន្លេ នៅសង្វៀនទល់មុខអ្នកតាចិន ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ប្រភពដដែលបានបន្តថា នៅក្នុងថ្ងៃប្រកួតរបស់គូសងសឹកមួយគូនេះក៏មានកីឡាករខ្លាំងៗមួយចំនួនទៀតដែរដូចជា កីឡាករ ថន ធារ៉ា មកពីក្លិបនាគរាជមានជ័យប្រកួតជាមួយកីឡាករ សៅ រង្សី មកពីក្លិបទីបញ្ជាការកងទ័ពជើងទឹក ។ កីឡាករ ប្រាក់ ឌីណា មកពីក្លិបតាឯកដំបងដែកមានរិទ្ធ ប្រកួតជាមួយកីឡាករ សរ សូ មកពីក្លិបឃ្លាំងមឿងកីឡា ។ កីឡាករ លី ភឿត មកពីក្លិបមកុដរាជសីហ៍ ប្រកួតជាមួយកីឡាករ គឿម សុវណ្ណនឿត មកពីក្លិបឃ្លាំងមឿងកីឡា ។ កីឡាករ លន បញ្ញា មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ លាភ សំណាង មកពីក្លិបកងពលតូចលេខ៧០ ។ កីឡាករ សង គង់ មកពីក្លិបអេភូថងកីឡា ប្រកួតជាមួយកីឡាករ ខេម ចាន់ មកពីក្លិបកងពលតូចឆត្រយោង៩១១។ ឯការប្រកួតនាថ្ងៃសុក្រទី៩ មីនានេះ មានទាំងអស់៧គូគឺ កីឡាករ ពេញ វ៉ាន់ថន មកពីក្លិបកុមារទេពមានរិទ្ធ ប្រកួតជាមួយកីឡាករ អេ វិរៈខាំឈីតភូថង ។ កីឡាករ ភឹកទីន មកពីក្លិបគុហារព្រហ្មមានជ័យ ប្រកួតជាមួយកីឡាករ អាន ទាវ មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ កីឡាករ ឡូញ វ៉ាន់ឌីមកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ប្រកួតជាមួយកីឡាករ សំ ភក្ដី មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ។ កីឡាករ សោម វិឆ័យ មកពីក្លិបវិបុលដារិទ្ធខណ្ឌពោធិសែនជ័យ ប្រកួតជាមួយកីឡាករ រិទ្ធ មុន្នី មកពីក្លិបមកុដរាជសីហ៍ ។ កីឡាករ ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសីហ៍មានរិទ្ធ ប្រកួតជាមួយកីឡាករ មាស សារ៉ាក់មកពីក្លិបអាណាចក្រគុនខ្មែរ និងគូប្រកួតចុង ក្រោយកីឡាករ ហ៊ឹម សារ៉ាន់ មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតជាមួយកីឡាករ ឡៅ ផានាថ មកពីក្លិបមកុដរាជសីហ៍៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់