NOCC សម្រេចដកប្រដាល់គុនខ្មែរចេញពីពិធីបុណ្យទន្លេឆ្នាំនេះ

នូ មករា March 6, 2018


ភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្រេចដកប្រភេទកីឡាប្រដាល់គុនខ្មែរចេញពីព្រឹត្តិការណ៍បុណ្យទន្លេនៅក្រុងតាខ្មៅ ខេត្តកណ្ដាលដែលគ្រោងនឹងចាប់ផ្ដើមនៅចុងសប្ដាហ៍នេះ ខណៈដែលប្រភេទកីឡាទាំង ៨ផ្សេងទៀតបានត្រៀមខ្លួនរួចរាល់ដើម្បីបង្ហាញជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា។
ប្រធានអនុគណៈកម្មការកីឡានៃបុណ្យទន្លេនៅក្រុងតាខ្មៅ លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា ប្រកួតបុណ្យទន្លេនេះពុំមានលទ្ធភាពដាក់ឲ្យមានការប្រកួតកម្រិតអន្តរជាតិនោះទេ ពោលគឺគណៈកម្មការរៀបចំមានបំណងផ្តល់ឱកាសឲ្យកីឡាករទើបហ្វឹកហាត់ថ្មីៗមកពីក្លិបដែលមិនសូវបានឡើងប្រកួតតាមសង្វៀនឯកជននានាហើយបន្ថែមលើសពីនេះគឺចង់ផ្តល់ឲ្យកីឡាករដែលជាប់ជាជម្រើសជាតិនោះបានចូលរួមប្រកួតដែលជាកាតព្វកិច្ចសម្រាប់បុណ្យជាតិផងដែរ។
លោកបានបន្តថា៖ «ប៉ុន្តែតាមក្រុមជំនួយបច្ចេកទេសរៀបចំរបស់ខ្ញុំរាយការណ៍មកថាកីឡាករជម្រើសជាតិរបស់យើងមិនអាចមកប្រកួតបានទេដោយភាគច្រើនជាប់ប្រកួតជាមួយសង្វៀនឯកជន តាមប៉ុស្តិ៍ និងទាមទារតម្លៃខ្លួនប្រកួតខ្ពស់ផង ព្រមទាំងមានកីឡាករខ្លះចង់ក្លាយជាតួឯក ឬតារាទៅហើយដែលមិនទៅប្រកួតបាន»។ ទាក់ទងបញ្ហានេះ លោក និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធគុនខ្មែរបានឲ្យដឹងថា៖ «ក្រុមកីឡាករជម្រើសជាតិពិបាកដាក់ឲ្យប្រកួតក្នុងបុណ្យទន្លេនេះមែន ពីព្រោះភាគច្រើនគេជាប់ប្រកួតខ្សែក្រវាត់តាមប៉ុស្តិ៍ ហើយការប្រកួតបុណ្យទន្លេឆ្នាំនេះ យើងទទួលបានការអនុញ្ញាតឲ្យរៀបចំរយៈពេលខ្លីពេកមិនអាចដកឃ្លាបាន»។
 
លោកបន្ថែមថា៖ «ក្រុមជម្រើសជាតិដូចជា ឃីម ឌីម៉ា លំបាករកដៃគូប្រកួតណាស់ ហើយដៃគូដែលអាចប្រកួតបានមានមាស ច័ន្ទមាន, ឌុម កែវដា និងផាន់ គ្រាន់ ជាដើម ប៉ុន្តែ ពួកគេសុទ្ធតែជាប់រវល់ប្រកួតឲ្យសង្វៀនផ្សេងៗអស់ហើយ»។ កីឡា៨ប្រភេទ ដែលបានត្រៀមខ្លួនរួចរាល់នោះមានដូចជាជិះកង់ រត់ប្រណាំង អុកចត្រង្គ ប្រណាំងទូក ចំបាប់បុរាណ ហែលទឹក បាល់ទាត់ និងបាល់ទះ បានរៀបចំរួចរាល់ហើយ»។ គួរបញ្ជាក់ផងដែរថា ពិធីបុណ្យទន្លេជាបុណ្យជាតិដែលទទួលបានច្បាប់អនុញ្ញាតពេញលេញពីរាជរដ្ឋាភិបាល ក្នុងនោះសកម្មភាពប្រកួតកីឡាដើម្បីអបអរសាទរពិធីបុណ្យ និងដាក់ឲ្យប្រជាពលរដ្ឋចូលទស្សនាកម្សាន្តសប្បាយរីករាយដោយសេរី»៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់