រឿង សោភ័ណ្ឌ ក្លាយជាម្ចាស់ប្រាក់រង្វាន់គោជល់ ៤.០០០.០០០រៀល

នូ មករា March 5, 2018


ភ្នំពេញ៖ ការប្រកួតប្រដាល់ម៉ារ៉ាតុងទម្ងន់៦៩គីឡូក្រាមលើសង្វៀន CNC នាយប់ថ្ងៃទី៣ ខែមីនាអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ បានក្លាយជាម្ចាស់ប្រាក់រង្វាន់ ៤.០០០.០០០រៀលបន្ទាប់ពីប្រកួតចុងក្រោយឈ្នះអ្នកប្រដាល់ថៃឈ្មោះ Super Chai រួចមក ។ នៅក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់កម្ពុជា ២រូប និងថៃ២រូបបានចាប់ឆ្នោតប្រកួតគ្នាសម្រាប់ជុំទី១ ក្នុងនោះអ្នកប្រដាល់កម្ពុជា ឡុង សុវណ្ណឌឿន ជួបសំណាងមិនល្អដោយចាប់ឆ្នោតប៉ះអ្នកប្រដាល់ថៃ Super Chai នៅជុំទី១ហើយក៏ទទួលបរាជ័យទាំងអស់ចិត្តតែម្ដង ។
ចំពោះ សោភ័ណ្ឌ វិញនៅជុំទី១បានចាប់ឆ្នោតជួបអ្នកប្រដាល់ថៃ Manav Thong ដែលជាអ្នកប្រដាល់មានប្រវត្តិចាញ់នៅស្រុកខ្មែរស្ទើរគ្រប់ការប្រកួត ដូច្នេះ សោភ័ណ្ឌ ស៊ី Manav Thong ផុយនៅជុំទី១ ប៉ុន្តែនៅជុំទី២ រូបគេវាយដោយប្រយ័ត្នប្រយែងបំផុតព្រោះ Super Chai គឺជាអ្នកប្រដាល់ដែលធ្លាប់ធ្វើឲ្យគេខកចិត្តរហូតបាត់បង់ឱកាសជាច្រើនលើកច្រើនសារ ប៉ុន្តែការប្រកួតលើកនេះអ្នកប្រដាល់កម្ពុជា រឿង សោភ័ណ្ឌ ដែលហាក់ដូចជាត្រៀមខ្លួនមុនបានល្អនោះការប្រកួតភាគច្រើនគេមានប្រៀបលើ Super Chai តែទោះជាយ៉ាងណាក៏ សោភ័ណ្ឌ បានទទួលជ័យជម្នះ និងក្លាយជាម្ចាស់លុយ ៤.០០០.០០០រៀល ចំណែកឯ Super Chai ដែលចាញ់នៅវគ្គផ្ដាច់ព្រ័ត្របានត្រឹម ២.០០០.០០០រៀលប៉ុណ្ណោះ ៕
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់