ជា សំនៀង ជួប ឃុន ក្រុងថេប លើកដំបូងលើសង្វៀន Boostrong Fire Fighter

នូ មករា March 2, 2018


ភ្នំពេញ៖ នៅលើសង្វៀន Boostrong Fire Fighter របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី៤ ខែមីនាខាងមុខនេះអ្នកប្រដាល់កម្ពុជាឈ្មោះ ជា សំនៀង មកពីក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ឃុន ក្រុងថេប (Khun Krongthep) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ អ្នកប្រដាល់ថៃរូបនេះជាកំពូលអ្នកលេងកែងដ៏អស្ចារ្យមួយរូបដែលកន្លងមកកែងរបស់គេធ្លាប់ធ្វើឲ្យអ្នកប្រដាល់មិនតិចនាក់ទេដែលត្រូវដេកមុនទឹកទី៥ នោះ ប៉ុន្តែអ្នកប្រដាល់ថៃរូបនេះក៏ធ្លាប់សន្លប់ដោយសារអ្នកប្រដាល់ខ្មែរជាច្រើននាក់ដែរ ។ ឃុន ក្រុងថេប ធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ដោយគេមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ៦៦ដង ចាញ់១៤ដង និងជាអ្នកប្រដាល់ដែលចិត្តមិនសូវធំនោះទេតែកែង និងជង្គង់របស់គេលំបាកទប់ទល់ណាស់ ។
ចំពោះ សំនៀង វិញគេមានវ័យច្រើនបន្តិចប៉ុន្តែនៅវាយបានល្អ ប៉ុន្តែមួយរយៈនេះអ្នកប្រដាល់រូបនេះទំនងជាមិនសូវចូលក្លិបដើម្បីហ្វឹកហាត់ទេ ហើយគេសង្កេតឃើញថា វាយបានតែ២ឬ៣ទឹកប៉ុណ្ណោះកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។ គេជាអ្នកប្រដាល់ដែលមានទេពកោសល្យក្នុងការប្រើកែង និងជង្គង់ ដោយមានប្រវត្តិប្រកួតចំនួន៩០ដង ឈ្នះ៧២ដង ចាញ់១៥ថង និងស្មើពិន្ទុ ៣ដង ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ គេមិនដឹងថា ជា សំនៀង ឬ ឃុន ក្រុងថេប ដែលជាអ្នកឈ្នះនោះឡើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់