ខ្លាចាស់ ផុន ផាន់ណា សំលៀងកែងរង់ចាំស្វាគមន៍អ្នកប្រដាល់បារាំង!

នូ មករា February 23, 2018


 ភ្នំពេញ៖ ខ្លាចាស់ ផុន ផាន់ណា របស់ក្លិបខ្លារខិនមានរិទ្ធពេលនេះកំពុងតែសំលៀងកែងរង់ចាំស្វាគមន៍អ្នកប្រដាល់ជនជាតិបារាំង ជូ លៀន (Julien) លើសង្វៀន Boostrong Fire Fighter របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ។ ធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបនោះពេលនេះ ផាន់ណា ស្ទើរតែក្លាយជាកូនចៀមទៅហើយដោយសារតែក្នុងការប្រកួតរបស់គេភាគច្រើនតែងជួបបរាជ័យ ។ ទោះបីគេនៅមានរបៀបវាយល្អក៏ពិតមែនតែកម្លាំងដែលពុំគ្រប់គ្រាន់នេះធ្វើឲ្យអ្នកប្រដាល់រូបនេះវាយចេញស្ទើរតែពុំរួច ។ អ្នកប្រដាល់ជើងចាស់រូបនេះមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៦៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៣ដង ។
គួររំលឹកថា កាលនៅពីក្មេង ផាន់ណា គឺជាអ្នកប្រដាល់មួយរូបលំបាករកគូប្រកួតណាស់ហើយពេលនេះគេនៅតែលំបាករកគូប្រកួតដដែលព្រោះបើគូប្រកួតខ្លាំងគេបដិសេធមិនប្រកួតតែម្ដង ។ ចំពោះអ្នកប្រដាល់បារាំង ជូលៀន វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ ប៉ុន្តែបើតាម លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំអ្នកប្រដាល់បរទេសមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍បានឱ្យដឹងថាអ្នកប្រដាល់បារាំងរូបនេះហ្វឹកហាត់នៅស្រុកថៃហើយគេមិនអន់នោះទេ ។ ជូលៀន ទើបតែមានប្រវត្តិប្រកួតចំនួន៣៣ដង ឈ្នះ២៧ដង ចាញ់៦ដង ។ គេមានកណ្ដាប់ដៃធ្ងន់ហើយចេះ លេងកែង និងជង្គង់មិនចាញ់អ្នកប្រដាល់ខ្មែរឡើយហើយកម្លាំងរបស់គេអស្ចារ្យខ្លាំងណាស់ ។ 
ចំពោះ រឿង សោភ័ណ្ឌ របស់ក្លិបម្កុដរាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ឆ័យ ស៊ូ (Chai Suo) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងនន់៦៩គីឡូក្រាម ។ ឆ័យ ស៊ូ ក៏ធ្លាប់មកប្រកួតនៅស្រុកខ្មែរដែរហើយគេមិនអន់ឡើយ គេវាយចេញបានរហ័ស ហើយធ្ងន់មិនចាញ់ សោភ័ណ្ឌ នោះទេ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន១០៦ដង ឈ្នះ៩១ដង ចាញ់១៤ដង និងស្មើពិន្ទុ១ដង។ ចំពោះ សោភ័ណ្ឌ វិញមានប្រវត្តិប្រកួតចំនួន១៥៩ដង ឈ្នះ១៣៩ដង ចាញ់១៧ដងនិងស្មើពិន្ទុ ៣ដង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់