ខ្មែរ ឬ ថៃ ដែលជាអ្នកឈ្នះប្រាក់លានក្នុងព្រឹត្តិការណ៍ប្រដាល់ម៉ារ៉ាតុងគោជល់សប្ដាហ៍នេះ?

នូ មករា February 23, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ២រូប និងថៃ២រូបនឹងត្រូវប្រជែងគ្នាដណ្ដើមលុយក្នុងការប្រកួតម៉ារ៉ាតុងនៅលើសង្វៀនគោជល់របស់ CNC យប់ថ្ងៃ២៤ ខែកុម្ភៈនេះ។​ ការប្រកួតដែលមាន២គូនេះអ្នកឈ្នះក្នុងការប្រកួតជុំទី១ដែលមានតែ៣ទឹកនោះនឹងត្រូវជួបគ្នារវាងអ្នកឈ្នះជាមួយអ្នកឈ្នះនៅជុំផ្ដាច់ព្រ័ត្រដែលការប្រកួតមាន៥ទឹកហើយក្នុងមួយទឹកមាន២នាទី ។ ចំណែកអ្នកឈ្នះនៅវគ្គនេះនឹងទទួលបានរង្វាន់៤លានរៀល រីឯអ្នកចាញ់ទទួលបាន២លានរៀល ។

ចំពោះសមាសភាពគឺកីឡាករ ថុល មករា មកពីក្លិបឃ្លាំងមឿងកីឡាត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Kolap Dam ដែលជាអ្នកប្រដាល់រហ័សរហួនមានរបៀបវាយល្អ និងកម្លាំងអស្ចារ្យណាស់ ។ មករា មានប្រវត្តិប្រកួតចំនួន៨២ដង ឈ្នះ៥៥ដង ចាញ់ ២៥ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៨ដង ។ ចំពោះ Kolap Dam វិញមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧២ដង ចាញ់១៥ដងស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់២១ដង ។ តើអ្នកប្រដាល់ទាំង២រូបនេះនរណាជាអ្នកខ្ទាតចេញនៅជុំទី១ ?

មួយគូទៀតនោះគឺ មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិត្រូវជួបជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ Phit Noy ដែលអ្នកប្រដាល់រូបនេះមិនស្រួលបង្ក្រាបនោះទេ ។ ច័ន្ទមាន ដែលមានប្រវត្តិប្រកួតចំនួន១២១ដង ឈ្នះ៩០ដង ចាញ់២២ដង ស្មើពិន្ទុ៩ដង និងវាយគូប្រកួតឲ្យសន្លប់ បាន២៣ដងនោះធ្លាប់ឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតម៉ារ៉ាតុងនេះម្ដងហើយ ប៉ុន្តែលើកនេះមិនដឹងថារូបគេនឹងមានសំណាងទៀតឬក៏យ៉ាងណានោះទេ ។ ចំពោះ Phit Noy វិញមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៥៧ដង ចាញ់១៣ដង ស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន១០ដង ។ អ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាអាចឆ្លងផុតជុំទី១នោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់