តម្លៃខ្លួន កែវ រំចង់ នៅក្នុងការប្រកួតថ្ងៃនេះហក់ឡើងខ្ពស់ដល់១ប្រកួត៨០០ដុល្លារ!

នូ មករា February 17, 2018


ភ្នំពេញ៖ ក្រោយពីមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើឱ្យមានបញ្ហាដល់សុខភាពនាពេលកន្លងមកនោះ អ្នកប្រដាល់ កែវ រំចង់ បានវិលចូលសង្វៀនប្រដាល់ទូរទស្សន៍បាយ័នសារជាថ្មីនៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ នារសៀលម៉ោង៣ នេះ ដោយមានតម្លៃខ្លួនឡើងខ្ពស់ជាងអ្នកប្រដាល់ផ្សេងៗ ៣ដងក្នុង១ប្រកួត។ ជាទូទៅកីឡាករល្បីៗនៅព្រះរាជាណាចក្រកម្ពុជាដែលខ្លាំង និងល្បីៗជាច្រើនដូចជា ឃុន ឌីម៉ា, រឿង សោភ័ណ្ឌ, ម៉ឺន សុភា និងឡុង សុភី ជាដើមមានតម្លៃខ្លួនប្រកួតមួយប្រកួតគឺចាប់ពី ៤៥០ ទៅ ៥០០ ដុល្លារប៉ុណ្ណោះ ប៉ុន្តែតម្លៃនេះបានប្រែប្រួលសម្រាប់អ្នកប្រដាល់សេរីចាស់ជំនាន់ អេភូ ថងនោះ ពោលគឺអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ ដែលនៅតែល្បីខ្លាំងមកដល់បច្ចុប្បន្ន ។

កីឡាកររូបនេះបានឱ្យដឹងថា៖ «តម្លៃប្រកួតរបស់ខ្ញុំពីមុនមួយលើកបាន ៥០០ ដុល្លារហើយការវិលមកកាន់សង្វៀនជាថ្មីនេះ ខ្ញុំទទួលបាន ៨០០ ដុល្លារហើយក្នុងមួយប្រកួត»។ កែវ រំចង់ បានបន្តថា៖ «សម្រាប់ការប្រកួតនាល្ងាចនេះ ខ្ញុំត្រូវប៉ះជាមួយកីឡាករថៃ Takun Singha ដែលជាគូសងសឹក ខណៈដែលលើកមុន (ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦) ខ្ញុំធ្លាប់ផ្តួលគេឲ្យចុះចាញ់ត្រឹមទឹកទី២ ប៉ុន្តែប្រកួតលើកនេះមិនទាន់ហ៊ានអះអាងទេ តែធានាវាយអស់ពីសមត្ថភាព»។ កែវ រំចង់ បានបន្ថែមថា៖«កីឡាករថៃ Takun Singha នេះមិនស្រួលយកឈ្នះទេ ប៉ុន្តែយ៉ាងណានៅលើសង្វៀន ខ្ញុំប្តេជ្ញាថាមិនចង់ឮពាក្យចាញ់នោះឡើយ»។ គួរបញ្ជាក់ផងដែរថា កែវ រំចង់ មានប្រវត្តិប្រកួតទាក់ទាញ និងមានប្រជាប្រិយបំផុតក្នុងកំណត់ត្រាប្រកួតបានចំនួន ១៣២លើក ឈ្នះ ១២០លើក ចាញ់តែ ១២លើក ក្នុងនោះធ្លាប់ផ្តួលដៃគូឲ្យសន្លប់រាប់ភ្លេច៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់