កីឡាករខ្មែរ-ថៃ ៨រូបប្រជែងគ្នាយកខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៥ ខណៈថ្នាក់ដឹកនាំព្រមានឱ្យប្រកួតដោយយុត្តិធម៌

នូ មករា February 2, 2018


ភ្នំពេញ៖ ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី៥ នៅលើសង្វៀនអាស៊ីអាគ្នេយ៍សម្រាប់ប្រភេទទម្ងន់៦៥ គីឡូក្រាមនឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែកុម្ភៈខាងមុខនេះតទៅហើយ ដោយមានសមាសភាពអ្នកប្រដាល់កម្ពុជា៤រូបគឺ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្ស ដែលអ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន១៣៦ដង ឈ្នះ១០៩ដង ចាញ់២៣ដង និងស្មើពិន្ទុ៤ដង ។ គឹម វាសនា មកពីក្លិបទ័ពឆ័ត្រយោង៩១១ដែលមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ ១ដង ។ កីឡាករ ង៉ែត រដ្ឋា របស់ក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន ៧៨ដង ឈ្ណះ៦៤ដង ចាញ់១១ដង និងស្មើពិន្ទុ ៣ដង ។ អ្នកប្រដាល់ ផង់ សុភាព មកពីក្លិបខេត្តរតនគីរីដែលមានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧០ដង ចាញ់១៦ដង និងស្មើពិន្ទុ៣ដង ។

ចំពោះអ្នកប្រដាល់ថៃវិញនោះមាន ក្រៀង ក្រៃ (Kreang Krai) ដែលមានប្រវត្តិប្រកួតចំនួន៩២ដង ឈ្នះ៧០ ដង ចាញ់១៩ដង និងស្មើពិន្ទុ៣ ដង ។ កង កាងវ៉ាន (Kong Kangwan) ដែលមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៥ដង និងស្មើពិន្ទុ ២ដង ។ ភេច ណាំឯក (Phich Num Ek)មានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧២ដង ចាញ់១៥ដង និងស្មើពិន្ទុ២ដង ។ សេន ឃុម (Sen Khum) មានប្រវត្តិប្រកួត៦៧ដង ឈ្នះ៦០ដង ចាញ់៦ដង និងស្មើពិន្ទុ ១ដង ។

ថ្លែងក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២ ខែកុម្ភៈនេះ លោក យិន ខេមរា ដែលជានាយកទីផ្សារ និងទំនាក់ទំនងសាធារណៈរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍បានបញ្ជាក់ថា ម្ចាស់ខ្សែក្រវាត់នៃព្រឹត្តិការណ៍នេះនឹងទទួលបានប្រាក់រង្វាន់អមចំនួន ២០.០០០.០០០រៀលពោលគឺប្រមាណជា ៥.០០០ដុល្លារ ។ សម្រាប់ចំណាត់ថ្នាក់លេខ២ ឬជើងឯករងទទួលបាន ១២.០០០.០០០រៀល ប្រហាក់ប្រហែល៣.០០០ដុល្លារ ។

លោក ហ៊ុយ សុខា ដែលជាប្រធានទីផ្សាររបស់ក្រុមហ៊ុនខារ៉ាបាវបានសំណូមពរឲ្យការរៀបចំពីមួយរជ្ជកាលទៅមួយរជ្ជកាលកាន់តែមានភាពអស្ចារ្យឡើងៗ ដោយលោកបានចាត់ទុកថា នេះជាការរួមចំណែកជួយឲ្យអ្នកប្រដាល់កម្ពុជាមានឱកាសប្រកួតកាន់តែច្រើនឡើងៗខណៈលុយតម្លៃខ្លួនក៏កាន់តែខ្ពស់ដែរនោះ ។ ទន្ទឹមនឹងនេះ លោក ម៉ិល កាដូ អគ្គនាយរងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានចាត់ទុកថា នេះជាការបន្តផ្ដល់ការងារឲ្យអ្នកប្រដាល់កម្ពុជាមានការងារធ្វើដើម្បីបានកម្រៃចិញ្ចឹមជីវិត ព្រោះលុយខ្សែក្រវាត់នឹងអាចជួយបង្កើតមុខរបរមួយសមរម្យបាន ។ ព្រមគ្នានេះ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរនៅតែបន្តព្រមានមន្ត្រីបច្ចេកទេសឲ្យបំពេញការងារកាត់ក្ដីរបស់ខ្លួនដោយយុត្តិធម៌ និងមិនត្រូវប្រកាន់ជាតិសាសន៍ឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់