ធឿន ធារ៉ា ឈ្នះការប្រកួតម៉ារ៉ាតុងគោជល់នៅ CNC សប្ដាហ៍នេះ និងគ្រងប្រាក់រង្វាន់ ៤លានរៀល
នូ មករា January 29, 2018
ភ្នំពេញ៖ អ្នកប្រដាល់ ធឿន ធារ៉ា មកពីសមាគមប្រដាល់កសិកម្មដណ្ដើមបានប្រាក់លានជើងឯកម៉ារ៉ាតុងក្នុងការប្រកួតនៅយប់ថ្ងៃទី២៧ ខែមករាលើសង្វៀន CNC ។ សូមបញ្ជាក់ថា អ្នកប្រដាល់៤រូបដែលប្រជែងគ្នាដណ្ដើមប្រាក់លាននេះរួមមានកម្ពុជា២រូបគឺ ធឿន ធារ៉ា, ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡា, អ្នកប្រដាល់ជើងខ្លាំងថៃ Sing Dam និងអ្នកប្រដាល់បារាំង Julien ដែលហាត់នៅស្រុកថៃ។


នៅក្នុងការប្រកួតជាលក្ខណៈម៉ារ៉ាតុងនេះគឺអ្នកចាញ់ត្រូវដើរចេញ រីឯអ្នកឈ្នះនឹងត្រូវបន្តឡើងទៅប្រកួតផ្ដាច់ព្រ័ត្រ ។ ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ ដែលមាន៥ទឹកនោះ ធឿន ធារ៉ា បានទទួលជ័យជម្នះលើ Sing Dam ហើយបានក្លាយជាម្ចាស់ប្រាក់លានដែលចំនួន ៤.០០០.០០០ រៀល ចំពោះ Sing Dam ដែលចាញ់នោះបានត្រឹមតែ ២.០០០.០០០រៀលប៉ុណ្ណោះ ៕
អត្ថបទ៖ វ៉ាន្នី