TV5 Boxing Knock-Out: អ្នកខ្លាំងជំនាន់ចាស់-ថ្មីនរណាខ្លះដែលត្រូវខ្ទាតចេញ ?

នូ មករា January 23, 2018


ភ្នំពេញ: ព្រឹត្តិការណ៍ TV5 Boxing Knock-Out by K-Cement សម្រាប់យប់ថ្ងៃទី២៧ ខែមករាគឺជាជំនួបរវាងអ្នកខ្លាំងជំនាន់ចាស់ជាមួយអ្នកខ្លាំងជំនាន់ថ្មីមិនដឹងថានរណានឹងត្រូវខ្ទាតចេញពីការប្រកួតនោះទេ ។ កីឡាករ សេន កុសល ក្លឹបមោងឬស្សីមរតកគុនខ្មែរដែលជាអ្នកខ្លាំងជំនាន់ចាស់ត្រូវតស៊ូជាមួយអ្នកប្រដាល់ជំនាន់ថ្មី លីញ ភារម្យ របស់ក្លឹបភារម្យគុនខ្មែរ ។ កុសល គឺជាអ្នកប្រដាល់មិនសូវទៀងទាត់នោះឡើយគឺពេលខ្លះគេវាយបានល្អតែពេលខ្លះវាយអន់មហាអន់ ។
នៅពេលដែលគេវាយល្អជួនកាលគេលើកតែមួយជើង ឬ បញ្ចេញតែមួយកែងប៉ុណ្ណោះធ្វើឲ្យគូប្រកួតសន្លប់តែម្ដង ។ ចំពោះ ភារម្យ វិញគេជាអ្នកប្រដាល់ជើងថ្មីទេ ប៉ុន្តែរបៀបវាយរបស់គេមិនសូវអស្ចារ្យនោះទេតែគេក្លាហានវាយហ៊ានប្ដូរមិនតែប៉ុណ្ណោះប្រសិនបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចានទឹក ឬ មួយចានគោកក៏គេប្រថុយប្ដូរជាមួយដោយមិនគិតពីលទ្ធផលឡើយ ។ អ្នកប្រដាល់ទាំង ២រូបនេះមួយរយៈចុងក្រោយនេះការប្រកួតរបស់គេសុទ្ធតែជួបនឹងជ័យជម្នះ ។ លីញ ភារម្យ គឺជាអ្នកកក់កៅអីសម្រាប់ជុំទី២ ឬ សេន កុសល គឺជាអ្នកជួបសំណាងល្អ ។
ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរអ្នកប្រដាល់ជើងថ្មី ធន មករា ត្រូវជួបជាមួយអ្នកប្រដាល់ជើងចាស់ លាភ សំណាង ក្លឹបកងពលតូចលេខ៧០ ។ សំណាង បន្ទាប់ពីបាត់មុខមួយរយៈនោះគេបានវិលមកកាន់សង្វៀនប្រកួតវិញដោយជួបជ័យជម្នះ និងវាយគូ ប្រកួតឲ្យសន្លប់រហូត ។ គេគឺជាអ្នកប្រដាល់ដែលពូកែជង្គង់ និងប្រើកែងវាយរបៀបមុខកប៉ាល់ហើយកែងរបស់គេវាយចេញមានប្រសិទ្ធិភាពណាស់ ។ សម្រាប់ ធន មករា វិញទោះបីគេជាអ្នកប្រដាល់ជើងថ្មីក៏ពិតមែនតែគេធ្លាប់ប្រកួតជាមួយអ្នកប្រដាល់បរទេស ២-៣ដងហើយ ។ ស្ទើរតែគ្រប់ការប្រកួតគេតែងតែបានទទួលជ័យជម្នះ ។ ជាមួយនឹងកម្លាំងល្អនោះកលល្បិចរបស់គេ ក៏មិនអន់ដែរតែអ្នកប្រដាល់រូបនេះដោយសារតែគេបានទទួលជ័យជម្នះស្ទើរតែគ្រប់ការប្រកួតបែបនេះទើបធ្វើឲ្យរូបគេចង់កើតមានជម្ងឺតួឯកក្នុងខ្លួនហើយ ។ អ្នកប្រដាល់ទាំង ២ រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាហើយក៏អាចនឹងមានរបួសទៀតផង ។ នរណា ជាអ្នកខ្តាតចេញពីការប្រកួតនេះ ?
គួររំលឹកថា កាលពីសប្ដាហ៍មុនមានអ្នកប្រដាល់២រូបហើយដែលខ្ទាតចេញពីការប្រកួតគឺ ឡូញ វ៉ាន់ឌី មកពីក្លិបពន្លឺវិបុលដារិទ្ធ ពោធិ៍សែនជ័យ និង សំណាង សម្បត្តិ មកពីក្លិបកងចក្ររាជសីហ៍ ។ អ្នកប្រដាល់២រូបដែលកក់កៅអីសម្រាប់ប្រកួតនៅជុំទី២ នោះគឺ ម៉ន រដ្ឋា ក្លិបការិយាល័យទី៥កងទ័ពជើងគោក និង អ៊ឹង បូរ៉ា ក្លឹបកុលបុត្រកូនខ្មែរ ។ ក្រៅពីគូពានរង្វាន់នេះការប្រកួតជាមួយថៃនោះ អ៊ុំ ចំរើន ក្លិបតាឡីដំរីមានរិទ្ធប្រកាសឡើងវ៉ៃសងសឹកជាមួយ អ្នកប្រដាល់ថៃ សាំង យុទ្ធ (Sang Youth) ដោយប្រកួតក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ៕
អត្ថបទ: វ៉ាន្នី

 

មតិយោបល់