ជើងខ្លាំង សូត្រ ប៊ុនធី និង វេង សុភ័ក្ត្រ នឹងសាកកម្លាំងជាមួយអ្នកប្រយុទ្ធថៃចុងសប្តាហ៍នេះ

នូ មករា January 19, 2018


ភ្នំពេញ៖ នៅលើសង្វៀនបារលីប្លេករបស់អាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី២១ ខែមករា ខាងមុខ ជើងខ្លាំង សូត្រ ប៊ុនធី មកពីក្លិបបក្សីស្លាបដែកនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ ផា យ៉ាកណយ (Pha Yaknoy) ។ អ្នកប្រដាល់ទាំង២ រូបនេះប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ ប៊ុនធី មានប្រវត្តិប្រកួតចំនួន១០០ដង ឈ្នះ៧៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៤ដង ។ ចំពោះ ផាយ៉ាកណយ វិញមានប្រវត្តិប្រកួតចំនួន១០២ដង ឈ្នះ៧៩ដង ចាញ់២២ដង និងស្មើពិន្ទុ ១ដង ។ តាមពិតទៅ កម្ពស់របស់អ្នកប្រដាល់ថៃរូបនេះចាញ់ប្រៀប ប៊ុនធី មែនប៉ុន្តែគេមានរបៀបវាយយ៉ាងអស្ចារ្យពិសេសគេប្រើជើងទាត់ និងប្រើកណ្ដាប់ដៃវាយចេញយ៉ាងមានប្រសិទ្ធិភាពណាស់ ។ ជំនួបមួយនេះទាំងសងខាងសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នា ហើយភាគរយច្រើនណាស់ដែលគូនេះនឹងត្រូវប្រកួតគ្នា ៥ ទឹកហើយរវាងអ្នកឈ្នះ និងអ្នកចាញ់ប្រាកដជាទ្រោមខ្លួនដូចគ្នាមិនខានឡើយ ។
សម្រាប់អ្នកប្រដាល់កម្ពុជា វេង សុភ័ក្ត្រ របស់ក្លឹបទ័ព ឆ័ត្រយោង៩១១ ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ កូឡាប ដាំ (Kolap Dam) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ នេះជាការជួបគ្នាលើកដំបូងហើយរបស់អ្នកប្រដាល់ទាំង ២ រូបនេះ ។ សុភ័ក្រ្ត គឺជាអ្នកប្រដាល់ដែលមានរបៀបវាយល្អមួយរូបប៉ុន្តែអ្នកប្រដាល់រូបនេះប្រកួតជាមួយអ្នកប្រដាល់រួមជាតិគេវាយបានល្អជាងជួបជាមួយអ្នកប្រដាល់បរទេស ពោលគឺការប្រកួតជាមួយអ្នកប្រដាល់បរទេស សុភ័ក្រ្ត ហាក់ដូចជាចាញ់ប្រៀបគូប្រកួតហើយមិនសូវហ៊ានវាយចេញទៀតផង ។ យ៉ាងណាក៏ដោយ មួយរយៈនេះអ្នកប្រដាល់កម្ពុជារូបនេះឧស្សាហ៍ប្រកួតជាមួយអ្នកប្រដាល់បរទេសណាស់ដូច្នេះគេក៏ហាក់ដូចជាសុាំជាមុនបន្តិចហើយ ។ គេជាអ្នកប្រដាល់ដែលប្រើជង្គង់ កែង និង កណ្ដាប់ដៃវាយចេញបានល្អរហ័សហើយចិត្តគេត្រជាក់ទៀតផង។ សុភ័ក្រ្ត មានប្រវត្តិប្រកួតចំនួន៧៨ដង ឈ្នះ៦៤ដង ចាញ់១៣ដង និងស្មើពិន្ទុ ១ដង ។ លោក ហង្ស ស៊ឺន ដែលជាគ្រូបង្វឹកនោះបាននិយាយថា សិស្សរបស់លោកគ្រប់ៗរូបទោះបីមិនមានឈ្មោះត្រូវប្រកួតក៏ពួកគេហ្វឹកហាត់មិនដែលខានទេ ព្រោះកីឡាត្រូវតែមានវិន័យ និងហ្វឹកហាត់ជាប្រចាំដើម្បីកុំឲ្យកម្លាំងស្រុតចុះ ។
ចំពោះអ្នកប្រដាល់ថៃ កូឡាប ដាំ វិញគឺជាអ្នកប្រដាល់មួយរូបដែលមិនស្រួលបង្ក្រាបនោះទេ ព្រោះគេមានកលល្បិចវាយបានល្អរហ័សទាំងការវាយលុក ទាំងការដកថយពិសេសគេការពារបានល្អណាស់ ។ អ្នកប្រដាល់រូបនេះ ធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ហើយភាគច្រើនគេបានទទួលជ័យជម្នះ ជាពិសេសកន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចនាក់ទេដែលត្រូវចាញ់ក្រោមកណ្ដាប់ដៃអ្នកប្រដាល់ថៃរូបនេះ ។ កូឡាប ដាំ មានប្រវត្តិប្រកួតចំនួន ៩០ដង ឈ្នះ៧០ដង ចាញ់១៥ដង ស្មើពិន្ទុ ៥ដង ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់