ឃុន ឌីម៉ា និង ផល សោភ័ណ្ឌ អាចជួបគ្នាទេនៅថ្ងៃស្អែក?

នូ មករា January 19, 2018


ភ្នំពេញ៖ នៅលើសង្វៀនគោជល់របស់ CNC នៅយប់ថ្ងៃទី២០ ខែមករាពិតជាកក្រើកហើយព្រោះអ្នកប្រដាល់ថៃដែលមិនសូវល្បីឈ្មោះ Chao Boy Sor Sophat ប្រកាសឡើងប្រកួតជាមួយអ្នកប្រដាល់កម្ពុជា ឃុន ឌីម៉ា មកពីក្លិបកងរាជអាវុធហត្ថរាជធានីភ្នំពេញដែលជាម្ចាស់មេដាយមាសស៊ីហ្គេមលើកទី២៩នៅប្រទេសម៉ាឡេស៊ីឆ្នាំ២០១៧លើប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ Chao Boy Sor Sophat ធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់គួរសមដែរទោះបីការប្រកួតរបស់គេមិនសូវបង្ហាញពីភាពអស្ចារ្យក៏ពិតមែនតែកែង និងជង្គង់របស់អ្នកប្រដាល់រូបនេះមិនអាចមើលស្រាលបានទេ ។ គេមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៦៥ដង ចាញ់២១ដង ស្មើពិន្ទុ៥ដង ហើយធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង ។
សម្រាប់អ្នកប្រដាល់កម្ពុជា ឃុន ឌីម៉ា ដែលមានរហស្សនាមថា កូននាគខ្មៅជាយដែន វិញនោះគេល្អទាំងអស់គឺទាំងទាត់ កណ្ដាប់ដៃ ជង្គង់ និងកែង ប៉ុន្តែបន្ទាប់ពីរូបគេបានឈ្នះមេដាយមាសស៊ីហ្គេមមកនោះ គេមិនសូវមានឱកាសបានឡើងសង្វៀនប្រកួតឡើយ ។ អ្នកប្រដាល់កម្ពុជានេះមានប្រវត្តិប្រកួតចំនួន៩៦ដង ឈ្នះ៨២ដង ចាញ់១២ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២០ដង ។ ទស្សនិកជនទាំងអស់សុទ្ធតែជឿថា អ្នកប្រដាល់កម្ពុជាវ័យ២៥ឆ្នាំនេះនឹងឈ្នះការប្រកួតនេះជាមិនខានឡើយ ។
ចំពោះ ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធដែលជាអ្នកប្រដាល់ពូកែវាយក្នុងស្ថានភាពចង្អៀត និងមានកណ្ដាប់ដៃធ្ងន់ ហើយរហ័សនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Fonloung Pele Buriram ក្នុងប្រភេទទម្ងន់៦៣,៥០ គីឡូក្រាមដែរ ។ សោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន១១៤ដងឈ្នះ៨៩ដង ចាញ់១៩ដងស្មើពិន្ទុ៦ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៥៣ដង ។ ចំពោះអ្នកប្រដាល់ថៃ Fonloung Pele Buriram វិញមានប្រវត្តិប្រកួតចំនួន១០៩ដង ឈ្នះ៧៩ ដង ចាញ់២៥ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២៤ដង ។
ចាំមើលតើនរណាជាអ្នកឈ្នះ ? អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងការប្រកួតនេះនឹងត្រូវធ្វើឡើងជាលក្ខណ:ម៉ារាតុងដោយអ្នកឈ្នះនឹងត្រូវជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រនាយប់ដដែលនោះ ពោលគឺ ​ឃុន ឌីម៉ា និង ផល សោភ័ណ្ឌ មានភាគរយជួបគ្នាខ្ពស់ដើម្បីប្រជែងគ្នាដណ្តើមប្រាក់រង្វាន់ប្រចាំសប្តាហ៍ចំនួន ១០០០ដុល្លារដោយសារតែអ្នកទាំងពីរសុទ្ធតែមានជំនឿចិត្តអាចផ្តួលអ្នកប្រដាល់ថៃទាំងពីររូបបានយ៉ាងជោគជ័យ ។ យ៉ាងណាក៏ដោយ ប្រសិនជាត្រូវជួបគ្នាវិញនោះ វានឹងក្លាយជាការប្រកួតសងសឹកសម្រាប់ ឌីម៉ា បន្ទាប់ពីបានចាញ់ សោភ័ណ្ឌ កាលពីឆ្នាំ២០១៦ កន្លងមកក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវនោះ​ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់