ឌុម កែវដា តាមសងសឹកជាមួយ កង សាយ៉ាម ដល់ MY-TV

នូ មករា January 11, 2018


 ភ្នំពេញ៖ អ្នកប្រដាល់ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍នឹងជួបសងសឹកជាមួយអ្នកប្រដាល់ថៃ Kong Sayam Tor Phittakchai លើសង្វៀន MY-TV នាយប់ថ្ងៃទី១២ ខែមករា ។ កែវដា ដែលមានប្រវត្តិប្រកួតចំនួន៨៥ដង ឈ្នះ៦៦ដង ចាញ់១៥ដងស្មើពិន្ទុ៤ និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន២០ដងនោះត្រូវអ្នកប្រដាល់ថៃ Kong Sayam ទាត់ឲ្យសន្លប់នៅមុនស្នូរជួងបញ្ចប់ទឹកទី៣ក្នុងការប្រកួតពីថ្ងៃ ទី៧ ខែតុលា ឆ្នាំ២០១៧កន្លងមក ។
ចំណែក Kong Sayam ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលជើងរបស់គេអាចបញ្ចេញបានគ្រប់ស្ថានភាពជំហរ ។ គេមានប្រវត្តិប្រកួតចំនួន៦៤ដង ឈ្នះ៥២ដង ចាញ់៩ដង ស្មើពិន្ទុ ៣ ដង ។ ជំនួបសងសឹកលើកនេះមិនដឹងថា កែវដា ធ្វើបានសម្រេចឬក៏អត់នោះឡើយ ។
ចំណែក មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតដែលមានប្រវត្តិប្រកួតចំនួន៧៦ដង ឈ្នះ៦៥ដង ចាញ់១០ដងស្មើពិន្ទុ ១ ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដងនោះនឹងបង្ហាញខ្លួនលើសង្វៀន MY-TV ទៀតហើយដោយជួបប្រកួតជាមួយ អ្នកប្រដាល់ថៃ Kwangin Mor Rachphakmo Jormbueng ។ នេះជាការប្រកួតក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ Kwangin Mor Rachphakmo Jormbueng មានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៥ដង ចាញ់២៣ដងស្មើពិន្ទុ៥ដង និង វាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង ។ នេះជាគូ ប្រកួតមួយដែលមិនខ្សោយទេសម្រាប់សុជាតិ ។សុជាតិសង្ឃឹមឈ្នះឬទេ ?
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់