យុគ យក្សផ្លែ និង សារឿន ចាន់ អាចផ្តួលថៃបានទេស្អែកនេះ?

នូ មករា January 12, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា យុគ យក្សផ្លែ មកពីក្លិបបូរីរាជសីហ៍មានរិទ្ធដែលរាល់ការប្រកួតរបស់គេជាមួយអ្នកប្រដាល់ថៃពុំសូវមានសំណាងល្អនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត ជុំភុន (Phat Chumphun) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍យប់ថ្ងៃទី១៣ ខែមករាស្អែកនេះ ។ អ្នកប្រដាល់ថៃរូបនេះធ្លាប់មកប្រកួតនៅស្រុកខ្មែរ២-៣ដងដែរតែគេហាក់ដូចជាបាត់មុខមួយរយៈទើបតែពេលនេះគេលេចមុខមកវិញ ។ គេជាអ្នកប្រដាល់មួយរូបដែលមិនសូវក្លាហានមែនតែកណ្ដាប់ដៃ និងស្នៀតជើងគេល្អ និងរហ័ស ។ គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៥ដង ចាញ់១០ដង ។
ចំពោះ យក្សផ្លែ វិញកម្លាំងរបស់គេបន្ទាប់ពីឆ្លងផុត៣ទឹកទៅនោះគឺយ៉ាប់តែម្ដង តែទោះជាយ៉ាងណាប្រសិនបើគូប្រកួតមិនអាចវាយគេឲ្យសន្លប់ទេនោះគេនៅតែតស៊ូបានរហូតចប់ទឹកទី៥ទាំងវេទនា ។អ្នកប្រដាល់កម្ពុជារូបនេះចិត្តធំណាស់ទោះបីកម្លាំងគេចុះដុនដាបក៏ដោយប្រសិបើគូប្រកួតហ៊ានធ្វើឲ្យគេឈឺសាច់នោះទោះបីមួយចានទឹក ឬមួយ ចានគោកក៏គេត្រូវតែប្រថុយប្ដូរដែរ ។ យក្សផ្លែ មានប្រវត្តិប្រកួតចំនួន១៥១ដង ឈ្នះ១២៧ដង ចាញ់១៩ដង និងស្មើពិន្ទុ ៥ដង ។ ការប្រកួតមួយនេះមិនដឹងថាយក្សផ្លែមានសមត្ថភាពដណ្ដើមបានជ័យជម្នះឬទេ ?
 
ចំណែក សារឿន ចាន់ មកពីក្លិបតាព្រហ្មមានជ័យដែលស្ទើរតែអស់ឲ្យកាសដើម្បីប្រកួតជាមួយអ្នកប្រដាល់បរទេសទៅ ហើយនោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផា ខាំរ៉ាម(Pha Khamram)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ សារឿន ចាន់ ធ្លាប់ជាអ្នកប្រដាល់ជើងខ្លាំងមួយរូបតែពេលនេះគេស្រុតចុះខ្លាំងណាស់ ។ គេមានប្រវត្តិប្រកួតចំ នួន៩៥ដង ឈ្នះ៨០ដង ចាញ់១៣ដង និង ស្មើពិន្ទុ ២ង ។ ចំពោះអ្នកប្រដាល់ថៃ ផា ខាំរ៉ាម នេះជាលើកដំបូងហើយដែល គេមកប្រកួតនៅស្រុកខ្មែរ មិនមាននរណាដឹងថាសមត្ថភាពគេប៉ុណ្ណាៗនោះឡើយ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៧៥ដង ឈ្នះ៥៨ដង ចាញ់១៧ ដង ។ សារឿន ចាន់ ជួបជាមួយអ្នក ប្រដាល់ថៃចំណូលថ្មីនេះតើគេអាចដណ្ដើមបានជ័យជម្នះដែរឬទេ ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់