តើ អ៊ុំ វណ្ណេត ឬ សៅ វណ្ណា ដែលនឹងក្លាយជាម្ចាស់ជើងឯក TV5 Boxing Knock-Out?

នូ មករា January 11, 2018


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧មកនោះនឹងបញ្ចប់នៅយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨នេះហើយ ដោយមានអ្នកប្រដាល់ចំនួន២រូបត្រូវប្រជែងគ្នាដណ្ដើមឋានៈជាជើងឯកនោះគឺ អ៊ុំ វណ្ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរត្រូវប្រជែងជាមួយអ្នកប្រដាល់ជើងថ្មី សៅ វណ្ណា ។ ក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់ទាំង ២រូបនេះមិនទាន់មាននរណាម្នាក់ស្គាល់ចាញ់នៅឡើយទេ ប៉ុន្តែសម្រាប់ការប្រកួតចុងក្រោយនេះនឹងមានម្នាក់ស្គាល់ចាញ់ឯម្នាក់ទៀតក្លាយជាជើងឯកដែលមានពានធំ និងប្រាក់រង្វាន់អមចំនួន ៤.០០០ដុល្លារផងដែរ ។
   
ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញ កីឡាករ ផាន ផាត់យុទ្ធ មកពីក្លិបសាលវ័ន្ដកីឡាដែលមានប្រវត្តិប្រកួតចំនួន ៥៣ដង ឈ្នះ៣៩ដង ចាញ់១២ដង ស្មើពិន្ទុ ២ដង នោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ គៀវ បា (Kiev Ba) ។ គៀវ បា មានប្រវត្តិប្រកួតចំនួន៦៨ដង ឈ្នះ៥៦ដង ចាញ់១១ដង និងស្មើពិន្ទុ ១ដង ។ អ្នកប្រដាល់ថៃរូបនេះ កាលពីសប្ដាហ៍មុនគេទើបតែផ្ដួលអ្នកប្រដាល់កម្ពុជា ខាំ ខ្លានាង របស់ក្លិបរ៉ាហាប់ស្វាយប៉ាកឲ្យសន្លប់នៅទឹកទី១ ។ ហេតុនេះ ចាំមើលតើ ផាន ផាត់យុទ្ធ អាចតស៊ូយកឈ្នះ គៀវ បា បានឬទេ ?
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់