លទ្ធផលគូសំខាន់ៗនៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie

នូ មករា January 7, 2018


ភ្នំពេញ៖ បន្ទាប់ពីប្រកួត២លើកចុងក្រោយរវាង រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យជាមួយ ភុន សោភ័ណ្ឌ របស់ក្លិបនាគរាជលទ្ធផលស្មើគ្នាទាំង២លើកនោះក្នុងជំនួបចុងក្រោយនាយប់ថ្ងៃទី៦ ខែមករាក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie អ្នកប្រដាល់ រឿម វណ្ណៈ បានក្លាយជាអ្នកខ្លាំង ដោយលើកនេះទោះបី សោភ័ណ្ឌ បានព្យាយាមប្រើប្រាស់ស្នៀតប្លែកៗ ប៉ុន្តែនៅទីបំផុតការប្រកួតមិនទាន់បានចប់ទឹកទី១ ផងនោះសោភ័ណ្ឌ ត្រូវបាន វណ្ណៈ ទាត់មួយជើងចំចុងដង្ហើមយ៉ាងធ្ងន់ធ្ងរបណ្ដាលឲ្យដួលសន្លប់មិនអាចបន្តការប្រកួតបានទៀតឡើយ ។
ចំពោះ លាប សំណាង មកពីក្លិបកងពលតូចលេខ៧០ដែលទើបតែវិលមកកាន់ការប្រកួតវិញនោះបន្ទាប់ពីការប្រកួតលើកទី១របស់គេបានយកឈ្នះ ពុទ្ធ ម៉ាណូយ មកពីក្លិបពុទ្ធសេរីវង្សនៅទឹកទី៤ដោយវាយឲ្យបាក់ឆ្អឹងក្ដោងច្រមុះរួចមកនោះ នៅក្នុងការប្រកួតលើកទី២នេះ សំណាង បានយកឈ្នះអ្នកប្រដាល់ជើងខ្លាំង សៀវ ង៉ុយ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយពិន្ទុ ។ ក្នុងការប្រកួត៥ទឹកពេញនេះគេសង្កេតឃើញថាកម្លាំងរបស់ សំណាង នៅមិនទាន់គ្រប់គ្រាន់នោះទេ តែកលល្បិចរបស់គេនៅតែល្អ និងវាយចេញរហ័ស ។ ចំពោះ សៀវ ង៉ុយ ដែលពូកែជើងនោះនៅតែញញើតកែងរបស់ សំណាង ដែលគេអាចវាយចេញបានគ្រប់ស្ថានភាពជំហរ ។ 
មួយគូទៀតនោះគឺ អ្នកប្រដាល់ សល់ ស្រស់ របស់ក្លិបសាលវ័ន្ដកីឡាបានប្រកួតចាញ់អ្នកប្រដាល់ សៀវ សំណាង មកពីសមាគមប្រដាល់ក្រសួងកសិកម្មដោយពិន្ទុទាំងមិនអស់ចិត្ត ។ ការប្រកួតរវាងអ្នកប្រដាល់ទាំង ២ រូបនេះបង្ហាញពីភាពតឹងតែងបន្តិចតែ សៀវ សំណាង វាយចំគោលដៅបានច្រើនជាងគេសក្តិសមនឹងទទួលជ័យជម្នះពីការប្រកួតនេះហើយ មិនតែប៉ុណោ្ណះនៅទឹកទី៥ សំណាង បានវាយ សល់ ស្រស់ ឲ្យអាជ្ញាកណ្ដាលរាប់ដល់៨ទៀតផង ។
ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិវិញនោះគឺ អាំង សំអាត  មកពីក្លិបតាព្រហ្មមានជ័យបានយកឈ្នះអ្នកប្រដាល់ថៃ យ៉ត ភុយផា (Yorth Phupha) នៅមុនស្នូរជួងបញ្ចប់ទឹកទី២ដោយសារតែអ្នកប្រដាល់ថៃរូបនេះមានបញ្ហាជើងមិនអាចបន្តការប្រកួតបានឡើយ ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់