អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងបង្ហាញខ្លួនលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក

នូ មករា January 6, 2018


ភ្នំពេញ: នៅថ្ងៃទី៧ ខែមករាស្អែកនេះអ្នកប្រដាល់ជើងខ្លាំងស្រករក្រោយ ធន មករា នៃសមាគមប្រដាល់ក្រសួងការពារជាតិនឹងទទួលភ្ញៀវថៃ Vigo Sor Danchai លើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់ CNC ។ មករា គឺជាអ្នកប្រដាល់ដែលមានកំណត់ត្រាប្រកួតល្អខ្លាំងណាស់ ។ ក្នុងប្រវត្តិប្រកួតចំនួន៣៣ដង គេចាញ់តែ១ដងគត់ ព្រមទាំងស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៣ដង និងឈ្នះ៣០ដង ។
ចំពោះ Vigo Sor Danchai គេមកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់តែនេះជាលើកដំបូងហើយដែលគេប្រកួតជាមួយ ធន មករា ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៨ដង ចាញ់១២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៨ដង ។ ជួបគ្នាលើកដំបូងនេះ តើនរណាជាអ្នកបន្ថែមស្ថិតិឈ្នះនៅក្នុងកំណត់ត្រាប្រកួតរបស់ខ្លួន ?
 
ចំពោះ រឿង សារ័ត្ន មកពីក្លិបទ័ពឆ័ត្រយោង៩១១ នឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Jeknoun Daengyim ដោយប្រកួតគ្នាក្នុង ប្រភេទទម្ងន់៦៥គីឡូក្រាម ។ សារ័ត្ន មានប្រវត្តិប្រកួតចំនួន៨៨ដង ឈ្នះ៦២ដង ចាញ់២១ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១១ដង ។ចំពោះអ្នកប្រដាល់ Jeknoun Daengyim វិញមានប្រវត្តិប្រកួតចំនួន៣៦ដង ឈ្នះ២០ដង ចាញ់ ១៤ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៥ដង ។ ជំនួបរវាងអ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថាជ័យជម្នះបានទៅ រឿង សារ័ត្ន ឬក៏បានទៅអ្នកប្រដាល់ថៃ Jeknoun Daengyim នោះឡើយ?
អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់