កីឡាករកម្ពុជា ៣រូបត្រូវតស៊ូលើសង្វៀនគោជល់ជាមួយថៃ

នូ មករា January 6, 2018


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាចំនួន៣រូបបានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ថៃលើសង្វៀនគោជល់របស់ CNC នាយប់ថ្ងៃទី៦ ខែមករានេះ ។ កីឡាករ មាស ច័ន្ទមាន មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន ១១៧ដង ឈ្នះ៨៦ដង ចាញ់២២ដងស្មើពិន្ទុ៩ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ២០នោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Babeer Sit Famai ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ កីឡាករ Babeer Sit Famai រូបនេះមានប្រវត្តិប្រកួតចំនួន ៨២ដង ឈ្នះ ៥៩ដង ចាញ់ ២១ដង និងស្មើពិន្ទុ ២ដង ។ ពួកគេទាំងពីរពុំធ្លាប់មានប្រវត្តិប្រកួតគ្នាពីមុនមកទេ ដូច្នេះ ជំនួបលើកដំបូងនេះមិនដឹងថានរណាមានសំណាងល្អឡើយ ។
   
ជាមួយគ្នានេះ កីឡាករ ពុទ្ធ ឆាយរិទ្ធី មកពីក្លិបពុទ្ធសេរីវង្សដែលមានប្រវត្តិប្រកួតចំនួន ៨៤ដង ឈ្នះ៥៩ដង ចាញ់២២ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១៧ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Rongnapha ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម ។ កីឡាករ Rongnapha មានប្រវត្តិប្រកួតចំនួន ១៣២ដង ឈ្នះ១០១ដង ចាញ់២៦ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៥ដង ។ ចាំមើល ពុទ្ធ ឆាយរិទ្ធី ខ្លាំង ឬ Rongnapha ជាអ្នកខ្លាំង ?
 
មួយគូទៀតនោះគឺ កីឡាករ ធន ចាន់តាក់ ដែលប៉ុន្មានប្រកួតចុងក្រោយនេះជ្រមុជខ្លួនទៅក្នុងភាពបរាជ័យស្ទើរគ្រប់ការប្រកួតនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃ Wathcharakdeth ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ កីឡាករ ចាន់តាក់ មានប្រវត្តិប្រកួតចំនួន៦០ដង ឈ្នះ៤៨ដង ចាញ់៩ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន៤ដង ។ ចំពោះ Wathcharakdeth វិញគេមានប្រវត្តិប្រកួតចំនួន៩៣ដង ឈ្នះ៦៧ដង ចាញ់២១ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន២១ដង ។ ដូច្នេះតើនរណានឹងជួបសំណាងល្អ?
អត្ថបទ៖ វ៉ាន្នី

មតិយោបល់