វេង សុភ័ក្ត្រ និង ឈាន ហុង អាចផ្តួលថៃបានឬទេនៅថ្ងៃសៅរ៍នេះ?

នូ មករា January 5, 2018


ភ្នំពេញ៖ នៅលើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី៦ ខែមករា ខាងមុខអ្នកប្រដាល់កម្ពុជា វេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ បានប្រកាសតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ លូម លេង (Loom Leng) ។ លូម លេង គឺជាអ្នកប្រដាល់ជើងខ្លាំងមួយរូបធ្លាប់ស្ពាយខ្សែក្រវាតដែលអមដោយលុយ ៥.០០០ដុល្លារពីសង្វៀនអាស៊ីអាគ្នេយ៍យកទៅស្រុកថៃម្ដងហើយកាលពីឆ្នាំ២០១៧ ហើយអ្នកប្រដាល់ខ្លាំងៗកម្ពុជាមិនតិចនាក់ទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ទាត់កញ្ចឹង ក ថ្គាម និងសៀតផ្កាឲ្យសន្លប់ ។ ជាមួយនឹងទេពកោសល្យក្នុងការប្រើជើងនេះទាត់បានល្អនោះ កណ្ដាប់ដៃ និងកែងរបស់អ្នកប្រដាល់ថៃរូបនេះក៏មិនអន់ដែរ ។ លូម លេង មានប្រវត្តិប្រកួតចំនួន ៧៧ដង ឈ្នះ៦៤ ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដង ។

ចំពោះ វេង សុភ័ក្ត្រ វិញមួយរយៈនេះគេឡើងប្រកួតបានច្រើនណាស់ទោះបីពេលខ្លះគេជួបសំណាងអាក្រក់ក៏ពិតមែនតែមានការប្រកួតជាច្រើនដែល សុភ័ក្រ្ត ជួបសំណាងល្អ ។ កែង និងជង្គង់ជាអាវុធដែលគេប្រើបានល្អ និងមានប្រសិទ្ធិភាពណាស់ មិនតែប៉ុណ្ណោះកម្លាំងរបស់គេក៏មិនធម្មតាដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៧៧ដង ឈ្នះ៦៤ដង ចាញ់១២ដង និងស្មើពិន្ទុ ១ ដងដូចលូម លេងដែរ ។ ប្រវត្តិប្រកួតដូចគ្នាទាំងស្រុងបែបនេះនរណាជាអ្នកឈ្នះក្នុងការប្រកួតនេះ ?

មួយគូទៀតនោះគឺកីឡាករ ឈាន ហុង មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលបោះបង់ចោលការប្រកួតមួយរយៈនោះបានវិលមកកាន់សង្វៀនប្រដាល់វិញហើយ ។ ការវិលមកវិញរបស់អ្នកប្រដាល់រូបនេះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ លៀម ផាត (Liem Phat) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ នេះជាលើកដំបូងហើយដែល ឈាន ហុង ប្រកួតជាមួយអ្នកប្រដាល់បរទេសបន្ទាប់ពីគេវិលមកអាជីពប្រដាល់វិញនោះ ។ ឈាន ហុង មានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ៥៥ដង ចាញ់ ១៣ដង និងស្មើពិន្ទុ ២ដង ។ ចំពោះអ្នកប្រដាល់ថៃ លៀម ផាត វិញនេះក៏ជាលើកដំបូងដែរដែលគេមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍ ។ រូបគេមានប្រវត្តិប្រកួតចំនួន ៧២ដង ឈ្នះ ៦១ដង ចាញ់ ១០ដង និងស្មើពិន្ទុ ១ដង ។ ឈាន ហុងពូកែជង្គង់ និងកែងចំណែកឯ លៀម ផាត មិនដឹងថាគេមានរបៀបវាយយ៉ាងណាឡើយ ។ ដូច្នេះ នរណាក្លាយជាអ្នកឈ្នះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់