មឿន សុខហ៊ុច និង ខាំ ខ្លានាង ស្វាគមន៍អ្នកប្រដាល់ថៃនាថ្ងៃសៅរ៍នេះ

នូ មករា January 4, 2018


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងវ័យក្មេងកម្ពុជា ខាំ ខ្លានាង មកពីក្លិបរ៉ាហាប់ស្វាយប៉ាកដែលបានបាត់មុខពីសង្វៀនអាស៊ីអាគ្នេយ៍មួយរយៈនោះបានត្រៀមខ្លួនរួចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ គៀវ បា នៅលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍រសៀលនាថ្ងៃទី៦ ខែមករាខាងមុខនេះ ។ ជាអ្នកប្រដាល់មាឌល្អិតមួយរូបគេមានផ្លែ និងកលល្បិចវាយបានល្អរហ័ស និងចិត្តធំមហិមាណាស់ ។ កីឡាកររូបនេះមានរបៀបវាយយ៉ាងអស្ចារ្យពិសេសកណ្ដាប់ដៃ ជង្គង់ និងកែងរបស់គេអាចវាយចេញបានរហ័ស ចំណែកឯវិធីការពារខ្លួនក៏ល្អដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ ៥០ដង ចាញ់ ១៣ដង និងស្មើពិន្ទុ ២ដង ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺនៅលើសង្វៀន គេតែងតែចាប់ផ្ដើមវាយប្រហារលើគូប្រកួតតាំងពីទឹកទី១ ទៅតែម្ដង ។

ចំពោះអ្នកប្រដាល់ គៀវ បា (Kiev Ba) វិញក៏ជាអ្នកប្រដាល់មាឌល្អិតដែរ ប៉ុន្តែរូបគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ណាស់ហើយ ដោយភាគច្រើនគេតែងតែទទួលបានជ័យជម្នះ ។ អ្នកប្រដាល់ថៃរូបនេះមិនសូវមានទេពកោសល្យប្រើកែងទេ ប៉ុន្តែជង្គង់ កណ្ដាប់ដៃ និងស្នៀតទាត់របស់គេពិតជាអស្ចារ្យណាស់ ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៦៧ដង ឈ្នះ ៥៥ដង ចាញ់ ១១ដង និងស្មើពិន្ទុ ១ដង ។ តើអ្នកប្រដាល់ឆ្លងដែនដែលមានសម្បុរខ្មៅរូបនេះគេអាចយកឈ្នះលើ ខាំ ខ្លានាង បានដែរឬទេ ?

នៅក្នុងព្រឹត្តិការណ៍នេះដែរ កីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សដែលមួយរយៈនេះហាក់ដូចជាស្រុតចុះនោះត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ផាត សៀវហ្វា (Phat Seavfa) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ។ សុខហ៊ុច​ គឺជាអ្នកប្រដាល់ដែលមានទេពកោសល្យប្រើជើងដើម្បីផ្ដួលគូប្រកួតតែមួយរយៈនេះគេហាក់ដូចជាស្រុតចុះខ្លាំងមែនទែន ជាពិសេសក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់នានាគេតែងតែខ្ទាតចេញពីការប្រកួតកណ្ដាលទី ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១៣៥ដង ឈ្នះ ១០៨ដង ចាញ់ ២៣ដង និងស្មើពិន្ទុ ៤ដង ។ ចំពោះអ្នកប្រដាល់ថៃ ផាត សៀវហ្វា វិញគេមានប្រវត្តិប្រកួតចំនួន ៨៥ដង ឈ្នះ ៧០ដង ចាញ់ ១៤ដង និងស្មើពិន្ទុ ១ដង ។ ចាំមើលតើ មឿន សុខហ៊ុច អាចស្ដារនូវការធ្លាក់ចុះរបស់ខ្លួនបានឬទេសម្រាប់ការប្រកួតនេះ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់