ប្រដាល់គុនខ្មែរកាន់តែមានទីផ្សារ ប៉ុន្តែជំងឺដដែលៗនៅមិនទាន់ព្យាបាលទេ!

នូ មករា January 4, 2018


ភ្នំពេញ៖ សព្វថ្ងៃនេះប្រដាល់គុនខ្មែរគុនខ្មែរកាន់តែមានទីផ្សារខ្លាំងប៉ុន្តែការកសាងធនធានកីឡាហាក់ដូចជាមានការយឺតយ៉ាវច្រើនជាងមុន ។ បើតាមសេចក្ដីរាយការណ៍របស់ លោកឧត្តមសេនីយ៍ និន ភិរម្យ អគ្គលេខាធិការរងសហព័ន្ធប្រដាល់គុនខ្មែរជូនចំពោះ លោក ថោង ខុន ប្រមុខគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សព្វថ្ងៃនេះនៅទូទាំងប្រទេសមានក្លិប និងសមាគមប្រដាល់គុនខ្មែរចំនួន ១១រាជធានី-ខេត្ត និង ៣ក្រសួង គឺក្រសួងការពារជាតិ មហាផ្ទៃ និងកសិកម្មដែលសរុបមាន ៩២ ក្លិបចំណែកឯគ្រូបង្វឹកមានចំនួន ១៩៩នាក់ និងអ្នកប្រដាល់ចំនួន ១.២១៣នាក់ក្នុងនោះកីឡាការិនី ១២នាក់ ។ សម្រាប់កម្មវិធីប្រកួតវិញគឺក្នុងមួយសប្ដាហ៍មានអ្នកប្រដាល់ចន្លោះពី ១៤០នាក់ទៅ១៥០នាក់បានឡើងសង្វៀនប្រកួត ដោយប្រកួតនៅតាមស្ថានីយ៍ទូរទស្សន៍ឯកជនក្នុងស្រុក ។ ខាងលើនេះជាការលើកឡើងរបស់លោកអគ្គលេខាធិការរងប៉ុន្តែបើនិយាយពីនៅតាមស្ថានីយ៍ទូរទស្សន៍ដែលមានកម្មវិធីប្រដាល់ប្រចាំសប្ដាហ៍នោះ ហាក់ដូចជាបានបបួលគ្នាបង្កើតនូវវប្បធម៌អាក្រក់មួយគឺកាងអ្នកប្រដាល់ល្អៗដែលគេនិយមហៅថា «ចងជើងអ្នកប្រដាល់ទុកសម្រាប់ឲ្យប្រកួតតែលើសង្វៀនរបស់ខ្លួន» ។

ជម្ងឺចងជើងអ្នកប្រដាល់បែបនេះបានធ្វើឲ្យអ្នកប្រដាល់មួយចំនួនក្លាយទៅជាតួឯកប្រចាំទូរទស្សន៍ហើយបាត់បង់ភាពក្លាហានជាអ្នកប្រដាល់ ពោលគឺលែងហ៊ានទៅប្រកួតនៅសង្វៀនផ្សេងដោយខ្លាចចាញ់គេ ។ តាមពិតទៅ នយោបាយរបស់សហព័ន្ធគឺមិនឲ្យមានការចងជើងអ្នកប្រដាល់ឡើយប៉ុន្តែជំងឺមួយនេះនៅតែមាន ហើយសហព័ន្ធហាក់មិនដែលហ៊ានក្អកនោះទេ ។ ដោយសារតែសហព័ន្ធមិនសូវក្លាហានបែបនេះហើយទើបធ្វើឲ្យគ្រូប្រដាល់ ព្រមទាំងអ្នកប្រដាល់មួយចំនួនមើលស្រាលសហព័ន្ធ និងមិនខ្លាចញញើតបទវិន័យអ្វីឡើយ ។ រឿងដែលគួរឲ្យហួសចិត្តមួយទៀតនោះគឺអ្នកប្រដាល់ខ្វះក្លាហានទៅប្រកួតដោយមិនឲ្យគ្រូ និងក្លិបដឹងក៏មានដែរ នេះក៏ដោយសារតែការមើលស្រាលដល់សហព័ន្ធពីសំណាក់មន្ត្រីខាងផ្គូរផ្គងតែម្តង ។ ពេលខ្លះ មានអ្នកប្រដាល់ខ្លះមានឈ្មោះប្រកួតក្នុងពេលតែមួយដល់ទៅ ២សង្វៀនក៏មានដែរ ។

ស្ថានភាពបែបនេះទូរទស្សន៍ណាដែលគ្រូ ឬ ក្លិបជាអ្នកផ្ដល់ឈ្មោះឲ្យគេចាប់គូនោះគឺជាអ្នកបានទទួលកីឡាករនោះឲ្យមកវាយនៅប៉ុស្តិ៍របស់ខ្លួន ។ វិន័យមួយនេះគឺវាអាក្រក់ចាប់ពីក្លិប គ្រូបង្វឹក និងកីឡាករខ្លួនឯងតែម្ដង ។ ក្លិបចាប់គូដោយមិនប្រាប់គ្រូ មិនប្រាប់កីឡាករ រីឯគ្រូចាប់គូដោយមិនប្រាប់សិស្ស និង ក្លិបហើយពេលខ្លះអ្នកចាប់គូទូរស័ព្ទមកអ្នកប្រដាល់ផ្ទាល់ដោយមិនជូនដំណឹងដល់ក្លិបឬគ្រូបង្វឹកជាមុនឡើយ ។ រឿងបែបនេះសហព័ន្ធបានហាមឃាត់ដែរតែដោយសារសហព័ន្ធមិនព្រមព្យាបាលនោះទើបជំងឺបែបនេះនៅតែបន្តកើតមានយ៉ាងសាហាវដដែល ។

ដូច្នេះអ្វីដែលសហព័ន្ធត្រូវតែរឹតបន្តឹងនោះគឺគុណភាពគ្រូបង្វឹក ព្រោះសព្វថ្ងៃនេះសហព័ន្ធមានគ្រូបង្វឹកតិចតួចណាស់ដែលអាចបង្ហាត់សិស្សត្រឹមត្រូវតាមស្ដង់ដារ ។ អ្វីដែលជាបញ្ហានោះគឺ គ្រូភាគច្រើនមិនធ្លាប់ឆ្លងកាត់ការបណ្ដុះបណ្ដាលអ្វីទាំងអស់ ដោយអ្នកខ្លះធ្លាប់ជាអ្នកប្រដាល់ ខ្លះគ្រាន់តែជាចៃប្រដាល់សោះក៏អាចបើកក្លិបបង្ហាត់បានដែរ ។ ចំណែកឯអ្នកខ្លះទៀតគ្រាន់តែធ្លាប់កាន់ខ្នើយឲ្យគេទាត់ក៏អាចតាំងខ្លួនធ្វើជាគ្រូប្រដាល់បានដែរ ។ គ្រូបង្វឹកបែបនេះបង្ហាត់ដោយគ្មានគុណភាពអ្វីទាំងអស់ព្រោះមិនចេះធ្វើផែនការហ្វឹកហាត់ មិនដឹងថាហាត់កម្លាំងបែបណា ហាត់បច្ចេកទេសបែបណា ហាត់កលល្បិចបែបណានោះទេ។

តាមគោលការណ៍ ជាគ្រូបង្វឹកគឺទាមទារនូវសមត្ថភាពខ្លាំងណាស់ ។ គេត្រូវចាំថាជាគ្រូបង្វឹកត្រូវតែធ្វើឲ្យសិស្សរបស់ខ្លួនប្រកាន់នូវគោលការណ៍F3 ។ អេហ្វទី១ គឺហ្វែរផ្លេយ៍ (Fair-Play) ការប្រកួតដោយយុត្តិធម៌, អេហ្វទី២ ហ្វ្រេនស៊ីប (Friendship) ការប្រកួតដោយមិត្តភាព និងអេហ្វទី៣ គឺ ហ្វែយ៍ធីងស្ពីរីត (Fighting Spirit) ស្មារតីប្រកួត ។ កីឡាគឺត្រូវតែមានស្មារតីប្រកួតដោយយុត្តធម៌ និងមិត្តភាព ។ តើប្រដាល់មានគ្រូដែលយល់ដឹងពីករណីនេះចំនួនប៉ុន្មាននាក់ ? ដល់ពេលវេលាដែលត្រូវគិតពីរឿងនេះឬនៅ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់