កីឡាករ ៨រូបជម្រះបញ្ជីគ្នាដើម្បីរកលទ្ធផលក្នុងព្រឹត្តិការណ៍ TV5 Boxing Knock-Out

នូ មករា January 3, 2018


ភ្នំពេញ៖ សម្រាប់ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement នាយប់ថ្ងៃទី៦ ខែមករា ខាងមុខនេះ អ្នកប្រដាល់ រឿម វណ្ណៈ មកពីក្លិបសម្រែករាជសីហ៍ខេត្តបន្ទាយមានជ័យ និងអ្នកប្រដាល់ ភុន សោភ័ណ្ឌ មកពីក្លិបនាគរាជបានណាត់គ្នាជម្រះបញ្ជីទៀត បន្ទាប់ពីពួកគេប្រកួតស្មើពិន្ទុគ្នា ២លើកចុងក្រោយរួចមកនេះ ។ អ្នកប្រដាល់ទាំង ២ រូបនេះនៅលើសង្វៀនគេតែងតែចាប់ផ្ដើមវាយប្រហារគ្នាតាំងពីដើមទឹកទី១ ទៅម្ល៉េះព្រោះ ពួកគេកម្លាំងចាស់ដូចគ្នាម្ល៉ោះហើយគេត្រូវតែព្យាយាមនៅពេលដែលកម្លាំងគេនៅពេញដូចគ្នា ។ ចំពោះការវាយប្រហារគ្នាដោយមិនសំចៃកម្លាំងបែបនេះបានត្រឹមតែចុងក្រោយពួកគេដកដង្ហើមចង្រិតដូចគ្នាតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ អ្នកប្រដាល់ទាំង២រូបនេះមានស្នៀតជើងល្អដូចគ្នាតែ វណ្ណៈ គេចូលចិត្តប្រើកែងជាងហើយរាល់ការជួបគ្នាកន្លងមកភាគច្រើន វណ្ណៈ បានធ្វើឲ្យ សោភ័ណ្ឌ មានរបួសតែសម្រាប់ការប្រកួតលើកនេះមិនដឹងថា វណ្ណៈ មានឱកាសធ្វើឲ្យ សោភ័ណ្ឌ មានរបួសដូចមុនឬយ៉ាងណាទេ ? ជំនួបលើកនេះរវាងអ្នកប្រដាល់ទាំង ២រូបនេះអាចនឹងមានលទ្ធផលឬទេ ? ប្រសិនបើមានលទ្ធផលតើជ័យជម្នះជារបស់ ភុន សោភ័ណ្ឌ ឬ រឿម វណ្ណៈ ?
មួយគូទៀតនោះគឺកីឡាករ លាប សំណាង មកពីក្លឹបកងពលតូចលេខ៧០ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ សៀវ ង៉ុយ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង ២ រូបនេះជួបប្រកួតគ្នាហើយនេះក៏ជាការប្រកួតលើកទី២របស់ សំណាង ដែរបន្ទាប់ពីរូបគេវិលមកកាន់សង្វៀនប្រកួតវិញនោះ ។ សូមបញ្ជាក់ថា មួយប្រកួតដំបូងរបស់ សំណាង គឺគេវាយអ្នកប្រដាល់ ពុទ្ធ ម៉ាណូយ មកពីក្លឹបពុទ្ធសេរីវង្សឲ្យបាក់ឆ្អឹងក្ដោងច្រមុះ និងសន្លប់នៅទឹកទី៤  ប៉ុន្តែពេលនេះគេជួបជាមួយ សៀវ ង៉ុយ ដែលជាអ្នកខ្លាំងជំនាន់ថ្មីពិតជាមិនស្រួលនោះទេ ។ ការប្រកួតនេះទាំងសងខាងពិតជាលំបាក ដូច្នេះចាំមើលនរណាជាអ្នកឈ្នះក្នុងជំនួបគ្នាលើកដំបូងនេះ? 
 
ជាមួយគ្នានេះ កីឡាករ ផាប់ វាសនា មកពីក្លឹបពុទ្ធសេរីវង្សត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ យ៉ែម សុភ័ក្ត្រ ក្លិបតាឡីដំរីមានរិទ្ធដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ចំណែក សល់ ស្រស់ មកពីក្លិបសាលវ័ន្ដកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ សៀវ សំណាង មកពីសមាគមប្រដាល់ក្រសួងកសិកម្មដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ចំពោះការប្រកួតជាមិត្តភាពជាមួយអ្នកប្រដាល់ថៃវិញនោះ កីឡាករ អាំង សំអាត មកពីក្លឹបតាព្រហ្មមានជ័យប្រកួតជាមួយអ្នកប្រដាល់ថៃ យ៉ាត បុប្ផា (Yorth Bopha) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕
អត្ថបទ៖ វ៉ាន្នី

មតិយោបល់