ឆៃ ស៊ូ លេចមុខមកវិញជួប ឡុង សុភី ខណៈ ឌុម កែវដា ប៉ះជើងខ្លាំងថៃ

នូ មករា December 29, 2017


ភ្នំពេញ៖ អ្នកប្រដាល់ថៃ ឆៃ ស៊ូ (Chai Suo) ដែលបានបាត់មុខមួយរយៈធំហើយនោះបានលេចមុខមកវិញដោយត្រូវប្រកួតជាមួយ ឡុង សុភី មកពីក្លឹបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាមលើសង្វៀនបារលីប្ល៊េករបស់អាស៊ីអាគ្នេយ៍ល្ងាច ថ្ងៃទី៣១ ខែធ្នូ ខាងមុខ ។ អ្នកប្រដាល់ថៃរូបនេះក៏ជាជើងខ្លាំងមួយរូបដែរដែលកន្លងមកគេឧស្សាហ៍មកប្រកួតនៅស្រុកខ្មែរណាស់ទើបតែមួយរយៈនេះទេដែលគេបានបាត់មុខ ។ ការលេចមុខមកវិញជាថ្មីនេះគេសម្រេច ជ្រើសរើស ឡុង សុភី គឺជាគូប្រកួតដំបូងរបស់គេតែម្តង ។ ប៉ះជាមួយ សុភី លើកនេះទំនងជាមិនស្រួលនោះទេព្រោះ សុភី គឺជាអ្នកខ្លាំងក្នុងចំណោមអ្នកខ្លាំង ដោយកែង និងជង្គង់របស់គេអស្ចារ្យណាស់មិនតែប៉ុណ្ណោះគេពូកែប្រើជើងរារាំងគូប្រកួតមិនឲ្យចូលកៀកខ្លួនគេបាននោះទេ ។ ជង្គង់របស់ សុភី វាយចេញច្បាស់ណាស់ហើយស្រួចទៀតផងហើយសម្រាប់ស្នៀតកៀកកែងបត់របស់គេក៏លំបាកទប់ទល់ដែរ ។

ឡុង សុភី មានប្រវត្តិប្រកួតចំនួន ១៤៦ដង ឈ្នះ១១០ដង ចាញ់២៧ដង និងស្មើពិន្ទុ ៩ដង ។ អ្នកប្រដាល់រូបនេះមានកម្លាំងអាចតស៊ូបាន ៥ទឹកដោយគ្មានបញ្ហា ។ ចំពោះ ឆៃ ស៊ូ វិញគេមានប្រវត្តិប្រកួតចំនួន ១០១ដង ឈ្នះ៨៩ដង ចាញ់១១ ដង និងស្មើពិន្ទុ ១ដង ។ អ្នកប្រដាល់ថៃរូបនេះប្រើជង្គង់ កណ្ដាប់ដៃ និងប្រើជើងទាត់បានល្អ ។

មួយគូទៀតនោះគឺ ឌុម កែវដា មកពីក្លិបម្កុដរាជសីហ៍ត្រូវបានផ្គូរផ្គងឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ លូក តាន់ (Luok Tan) ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ លូក តាន់ ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេហើយសមត្ថភាពគេប៉ុណ្ណាក៏គ្មាននរណាដឹងដែរ ប៉ុន្តែអ្នកប្រដាល់រូបនេះត្រូវបានគេអះអាងថាធ្លាប់ចូលរួមប្រកួតក្នុងកម្មវិធីធំៗជាច្រើននៅក្នុងប្រទេសថៃ ។ គេមានប្រវត្តិប្រកួតចំនួន ៦៥ដង ឈ្នះ៥៣ដង ចាញ់១១ដង និងស្មើពិន្ទុ ១ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់