ខ្សែក្រវាត់គោជល់៖ រឿង សោភ័ណ្ឌ បារម្ភនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយសារបញ្ហាសន្លាក់គល់ភ្លៅ

នូ មករា December 29, 2017


ភ្នំពេញ៖ តាមពិតទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់គោជល់ទម្ងន់ ៦៩គីឡូក្រាមត្រូវប្រកួតតាំងពីថ្ងៃទី២៣ ខែធ្នូ មកម្ល៉េះ ប៉ុន្តែដោយសារអ្នកប្រដាល់កម្ពុជារឿង សោភ័ណ្ឌ មកពីកឹលិបម្កុដរាជសីហ៍មានបញ្ហាសន្លាក់គល់ភ្លៅទើបគណៈកម្មការប្រកួតបានសម្រេចពន្យារពេលមួយសប្ដាហ៍តែម្តង យ៉ាងណាក៏ដោយការប្រកួតនៅថ្ងៃទី៣០ ខែធ្នូស្អែកនេះនឹងមិនមានការពន្យារពេលទៀតទេ ។ នៅក្នុងវគ្គនេះ កីឡាករ រឿង សោភ័ណ្ឌ បានបង្ហាញពីភាពអស់សង្ឃឹមជាខ្លាំងដោយសារគេមិនបានហ្វឹកហាត់គ្រប់គ្រាន់ព្រោះតែមានបញ្ហាសន្លាក់គល់ភ្លៅដែលមិនអនុញ្ញាត្តឱ្យរូបគេអាចហាត់បានឡើយ ។

អ្នកប្រដាល់រូបនេះបាននិយាយថា គេមានក្តីបារម្ភណាស់ព្រោះបើឆ្លងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះបាន នោះរូបគេនឹងមានសង្ឃឹមច្រើនសម្រាប់វគ្គផ្ដាច់ព្រ័ត្រដែលមានរង្វាន់ ៥.០០០ដុល្លារ ប៉ុន្តែដោយសារតែបញ្ហាសន្លាក់ទើបគេហាក់មិនមានជំនឿចិត្តគ្រប់គ្រាន់នោះទេ ខណៈដែលការប្រកួតក៏មិនអាចលើកពេលទៀតឡើយពោលគឺទោះបីគេព្យាបាលជា ឬមិនជាក៏ត្រូវតែប្រកួតដែរ ។ រឿង សោភ័ណ្ឌ និយាយថា រូបគេទំនងជាត្រូវប្រើថ្នាំបំបាត់ការឈឺចាប់នៅថ្ងៃប្រកួតហើយមើលទៅ ប៉ុន្តែគេក៏នៅត្រូវខ្វល់ខ្វាយពីរឿងកម្លាំងដែរ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១៤២ដង ឈ្នះ១២៤ដង ចាញ់១៦ដង ស្មើពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៣៦ដង ។ ចំពោះគូប្រកួតរបស់គេគឺ កីឡាករ Famangkorn Sit Pansak ដែលមានប្រវត្តិប្រកួតចំនួន ១០២ដង ឈ្នះ៧៤ដង ចាញ់ ២២ដង ស្មើពិន្ទុ ៦ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១៦ដង ។

នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរអ្នកប្រដាល់ថៃ Nathakeat Pranchomphun ដែលមានប្រវត្តិប្រកួតចំនួន៩៧ដង ឈ្នះ៧៥ដង ចាញ់១៩ដងស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៥ដងនោះត្រូវជួបជាមួយអ្នកប្រដាល់ថៃដូចគ្នាគឺ Opor Sor Thor Visit ដែលមានប្រវត្តិប្រកួតចំនួន ១១៤ដង ឈ្នះ៨៨ដង ចាញ់២១ដង ស្មើពិន្ទុ ៥ដង និងវាយគូប្រកួតឲ្យសន្លប់ ២២ដង ។

សម្រាប់ការប្រកួតក្រៅក្របខណ្ឌខ្សែក្រវាត់នោះអ្នកប្រដាល់កម្ពុជា អ៊ុង ភារាក់ មកពីក្លិបទ័ពឆ័ត្រយោង៩១១ ដែលមានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ ៧០ដង ចាញ់ ១៣ដង ស្មើពិន្ទុ ៣ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២៦ដងត្រូវប្រកួតជាមួយអ្នកប្រដាល់កាណាដា Ford Anthony Abbot ក្នុងប្រភេទទម្ងន់ ៨២គីឡូក្រាម ។ កីឡាករ Ford Anthony Abbot មានប្រវត្តិប្រកួតចំនួន ៨៦ដង ឈ្នះ៦៦ដង ចាញ់២០ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ៣៧ដង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់