លោក ឆឹង យ៉ៅយ៉េន៖ អាជ្ញាកណ្ដាល និងចៅក្រមប្រដាល់សកល ត្រូវវិនិច្ឆ័យតាមស្តង់ដាអន្តរជាតិ

នូ មករា December 29, 2017


ភ្នំពេញ៖ ក្រោយពីបានឆ្លងកាត់វគ្គសិក្សារយៈពេល២ថ្ងៃ កន្លងមកនេះ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ឆឹង យ៉ៅយ៉េន បានថ្លែងប្រាប់សិក្ខាកាមដែលសុទ្ធសឹងជាអាជ្ញាកណ្ដាល និងចៅក្រម ថាឱ្យចាប់ផ្ដើមអនុវត្តការវិនិច្ឆ័យ និងបង្ហាញទំនួលខុសត្រូវខ្ពស់ នៅក្នុងការប្រកួតប្រដាល់សកលហើយជាពិសេស គួរបង្ហាញពីចំណេះដឹងរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ នាឆ្នាំ២០១៨ខាងមុខនេះ។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីផ្ដល់លិខិតបញ្ជាក់ការសិក្សា វគ្គបណ្ដុះបណ្ដាលចៅក្រម អាជ្ញាកណ្ដាលដែលបានរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាក្រោមជំនួយឧបត្ថម្ភពីក្រសួងអប់រំយុវជន និងកីឡា។ លោកបានថ្លែងបែបនេះថា៖ «ឆ្លងកាត់វគ្គសិក្សាចំនួន២ថ្ងៃឃើញថា សិក្ខាកាមទាំងអស់បានបង្ហាញស្មារតីចូលរួមសិក្សាយ៉ាងផុសផុល និងបានស្វែងយល់ច្បាស់ពីបទបញ្ជាបច្ចេកទេស បទបញ្ញត្តិថ្មីៗលើការផ្តល់ពិន្ទុ និងការវិនិច្ឆ័យ សម្រាប់អាជ្ញាកណ្តាលចៅក្រម ដំណើរការ និង និតិវិធីនៃការថ្លឹងទម្ងន់ជាដើម»។
ជាមួយគ្នានេះ លោករំពឹងយ៉ាងមុតមាំថា សិក្ខាកាមទាំង ៤៣នាក់ ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនេះ នឹងយកចំណេះដឹងពីការសិក្សាខាងលើ ទៅប្រើប្រាស់ស្របតាមស្ដង់ដារអន្ដរជាតិនៃការប្រកួតប្រដាល់សកល ដើម្បីជាប្រយោជន៍ក្នុងការត្រៀមកាត់សេចក្ដីលើសង្វៀនធំៗ ដូចជាការត្រៀមធ្វើម្ចាស់ផ្ទះកីឡា SEA Games ឆ្នាំ២០២៣ ជាដើម។
 
ជាមួយគ្នានេះដែរ លោក ហ៊ុន សាមុត អនុប្រធាន នាយកដ្ធានអប់រំកាយនិងកីឡា បានឲ្យដឹងថា វគ្គនេះមានសារៈសំខាន់ណាស់ សម្រាប់មន្រ្តីចៅក្រម អាជ្ញាកណ្តាល ហើយតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺបានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើវិស័យកីឡានេះ ទាំងហេដ្ធារចនាសម្ព័ន្ធ ការបណ្តុះបណ្តាលធនធានមនុស្ស និងកែទម្រង់ការប្រកួតជាដើម។ ដូចនេះសម្រាប់វគ្គបណ្តុះបណ្តាលនេះ វាស្ថិតនៅក្នុង៣ចំណុចសំខាន់ៗនេះ។ សូមបញ្ជាក់ផងដែរថា សិក្ខាកាមចូលរួមវគ្គនេះ មានចំនួន៤៣រូប ដែលមានគ្រូឧទ្ទេសនាម មកពីប្រទេសថៃ គឺលោក Pai Boon កម្រិតផ្កាយបី ដែលជាកម្រិតខ្ពស់បំផុតរបស់សហព័ន្ធកីឡាប្រដាល់អន្រជាតិ (IBA)។ វគ្គនេះគឺសិក្សាទាំងទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងលើទីលាន។ សិក្ខាកាមដែលទទួលបាននិទ្ទេសល្អ និងទទួលបានវិញ្ញាបនប័ត្របញ្ជក់ការសិក្សា និងត្រូវបានជ្រើសយកធ្វើជាអ្នកកាត់សេចក្តីក្នុងព្រឹត្តការណ៍ កីឡាជាតិឆ្នាំ២០១៨ផងដែរ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់