សហព័ន្ធប្រដាល់សកលរំពឹងថា វី សម្ផស្ស អាចឈ្នះមេដាយមាសស៊ីហ្គេម២០២៣

នូ មករា December 14, 2017


ភ្នំពេញ: ក្រោយពីបានធ្វើការចម្រាញ់យ៉ាងមត់ចត់នៅក្នុងការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯក កាលពីខែវិច្ឆិកា កន្លងទៅនេះ អ្នកប្រដាល់ វី សម្ផស្ស ដែលមានឈាមជ័រពីគ្រួសារអ្នកប្រដាល់មួយត្រកូលនោះ ត្រូវបានសហព័ន្ធជ្រើសរើសយកមកបណ្ដុះបណ្ដាលបន្ថែមដើម្បីចូលជាជម្រើសជាតិផ្លូវការក្នុងគោលដៅតំណាងឲ្យកម្ពុជានៅលើឆាកអន្តរជាតិ ពិសេសក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ។
 
វី សម្ផស្ស ជាអ្នកប្រដាល់វ័យក្មេងមួយរូបដែលមានទេពកោសល្យ និង សមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រជែងយកមេដាយនៅឆាកអន្តរជាតិ មិនចាញ់កីឡាករ ពេជ្រ ម្ទេសខ្មាំង នោះទេ ខណៈដែល សម្ផស្ស គឺជាប្អូនប្រុសបង្កើត របស់អ្នកប្រដាល់សកល វី សាវុធ ម្ចាស់ខ្សែក្រវ៉ាត់ប្រដាល់សកលពិភពលោកកាលពី១០ឆ្នាំមុន និងជាប្អូនប្រុសរបស់កីឡាការិនី វី ស្រីខួច និង វី ស្រីឆាយ ដែលអ្នកទាំងនេះសុទ្ធតែជាអ្នកប្រយុទ្ធឆ្នើមមានប្រភពចេញពីគ្រួសារក្រីក្រមួយ ប៉ុន្តែ គ្រួសារមួយនេះអាចអភិវឌ្ឍន៍ជីវភាពបានប្រសើរជាងមុនក្នុងពេលបច្ចុប្បន្នតាមរយៈការឡើងប្រកួតយកប្រាក់តម្លៃខ្លួន និ ប្រាក់រង្វាន់ផ្សេងៗទៀត ។
អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាលោក ប៊ុយ សុភ័ណ្ឌ បានឱ្យដឹងថា កីឡាករ វី សម្ផស្ស ធ្លាប់ជាប់ជាកីឡាករជម្រើសជាតិថ្នាល និងឈុតធំកន្លងមក ហើយកាលពីសប្តាហ៍មុនកីឡាករវ័យក្មេងរូបនេះទើបតែប្រកួតឈ្នះជើងឯកជាតិ និងបានមេដាយមាសប្រចាំឆ្នាំ២០១៧ ដោយបានផ្តួលកីឡាករជើងចាស់មួយចំនួន មានដូចជា ឡុង សុវណ្ណឌឿន និង នួន មុន្នី ជាដើម ពោលគឺរូបគេមានលក្ខណៈ សម្បតិល្អ ទាំងសមត្ថភាព រាងកាយ កម្ពស់ សុខភាព និងការគោរពវិន័យបានល្អ ផងដែរ។
លោកបានបន្តថា៖ «កីឡាករ វី សម្ផស្ស ជាបេក្ខភាពទី១ ដែលសហព័ន្ធ គ្រោងដាក់ឲ្យទៅហ្វឹកហាត់នៅប្រទេសចិន រយៈពេល ៥ ឆ្នាំមុននឹងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ មកដល់ ព្រោះចិន មានគម្រោងផ្តល់ឲ្យយើងនូវកីឡាករ ១០ នាក់ សម្រាប់ចេញទៅហ្វឹកហាត់ ស្នាក់នៅ និងរៀនភាសាចិនក្នុងរយៈពេល ៥ ឆ្នាំដោយទទួលបានប្រាក់ខែជាប្រចាំទៀតផង»៕
អត្ថបទ: ប៉ាវឡុង ជីង

មតិយោបល់