ឡុង ជិន និង មឿន សុខហ៊ុច ប្រកាសស្វាគម៍ភ្ញៀវថៃនៅលើសង្វៀន MY-TV

នូ មករា December 7, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា ឡុង ជិន មកពីក្លិបខ្លារខិនមានរិទ្ធដែលមានប្រវត្តិប្រកួតចំនួន ៤៨ដង ឈ្នះ៣៦ដង ចាញ់៩ដង ស្មើពិន្ទុ៣ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដងនោះ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Mamai Sityodchean ។ កីឡាករ Mamai Sityodchean កំពុងហ្វឹកហាត់នៅក្លិប Sityodchean ដែលមានគ្រូបង្វឹកឈ្មោះ Yuthphum Khunsik ហើយមានប្រវត្តិប្រកួតចំនួន ៩៨ដង ឈ្នះ៦២ដង ចាញ់៣១ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១០ដង។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់ថៃរូបនេះមកប្រកួតនៅស្រុកខ្មែរ ដូច្នេះមិនមាននរណាដឹងថាគេមានរបៀបវាយយ៉ាងណានោះឡើយ ប៉ុន្តែសម្រាប់អ្នកប្រដាល់កម្ពុជា ឡុង ជិន វិញនាពេលនេះអាចហៅបានថាជា ខ្លាស្ទាវ មួយក្បាលដែលកំពុងតែរាតត្បាតអ្នកប្រដាល់ជើងចាស់ដទៃទៀត ព្រោះមានអ្នកប្រដាល់ជើងចាស់មិនតិចទេដែលត្រូវជើងខ្លាំងរូបនេះបង្ក្រាបបាន ។ សម្រាប់ការប្រកួតមួយនេះ ឡុង ជិន បានអះអាងថាគេនឹងខិតខំដើម្បីបង្កើនស្ថិតិឈ្នះក្នុងកំណត់ត្រារបស់ខ្លួនឲ្យខាងតែបាន។

ចំពោះកីឡាករ មឿន សុខហ៊ុច មកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យ ក៏នឹងត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Chao Boy Sor Sophat ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ សុខហ៊ុច មានប្រវត្តិប្រកួតចំនួន ១០៥ដងឈ្នះ៧៦ដង ចាញ់២៤ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បាន១៥ដង។ យ៉ាងណាក៏ដោយមួយរយៈពេលនេះសមត្ថភាពប្រកួតរបស់គេហាក់ធ្លាក់ចុះច្រើន​ ពោលគឺស្រុតទាំងបច្ចេកទេស កលល្បិច និងកម្លាំង។ ចំពោះអ្នកប្រដាល់ថៃ Chao Boy Sor Sophat វិញ មានប្រវត្តិប្រកួតចំនួន ៩០ដង ឈ្នះ៦៥ដង ចាញ់២០ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន១២ដង។ គេជាអ្នកប្រដាល់ដែលមានឈ្មោះបោះសម្លេងគួរសមដែរនៅក្នុងប្រទេសថៃ។ គួររំលឹកថា អ្នកប្រដាល់ទាំង២រូបនេះធ្លាប់ជួបប្រកួតគ្នាកន្លងមកដែរ ដោយកាលនោះ សុខហ៊ុច ជាអ្នកឈ្នះ ប៉ុន្តែមិនដឹងថាលើកនេះ សុខហ៊ុច មានឱកាសឈ្នះទៀតដែរឬយ៉ាងណាទេ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់