តើ ផាន់ គ្រាន់ ឬ កង សាយ៉ាម ដែលនឹងក្លាយជាម្ចាស់ខ្សែក្រវាត់ខារ៉ាបាវអមដោយប្រាក់ ៥.០០០ដុល្លារ ?

នូ មករា December 6, 2017


ភ្នំពេញ៖ នារសៀលថ្ងៃទី៩ ខែធ្នូនេះ ព្រឹត្តិការណ៍ខ្សែក្រវាត់ខារ៉ាបាវទម្ងន់ ៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍បានឈានដល់វគ្គប្រកួតផ្ដាច់ព្រ័ត្រហើយ  ។ ដោយគូឯកនោះគឺ ផាន់ គ្រាន់ មកពីក្លិបពុទ្ធសេរីវង្សត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃ កង សាយ៉ាម (Kang Sayam) ។ តាំងពីដើមព្រឹត្តិការណ៍មកទល់ពេលនេះ៤ប្រកួតរបស់ ផាន់ គ្រាន់ ឈ្នះទាំង៤ប្រកួតខណៈដែល កង សាយ៉ាម ៤ប្រកួតឈ្នះបាន ៣លើក និងចាញ់មួយប្រកួតពោលគឺចាញ់ ផាន់ គ្រាន់ ដោយពិន្ទុតែម្ដង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ផាន់ គ្រាន់ ពេលនេះមិនមែន ផាន់ គ្រាន់ កាលពីលើកមុននោះទេជាមួយនឹងផ្លែល្អវ៉ៃចេញធ្ងន់នោះកម្លាំងរបស់គេធានាវាយសម្រុកបានពេញទាំង ៥ទឹកដោយគ្មានបញ្ហាទៀតផង។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ១០២ដង ឈ្នះ៨៤ដង ចាញ់១៦ដង និងស្មើពិន្ទុ២ដង។ សម្រាប់លើកនេះគេបានបង្កើនការហ្វឹកហាត់កាន់តែខ្លាំងជាងមុនព្រោះគេធ្លាប់ឈ្នះអ្នកប្រដាល់ថៃរូបនេះពេលប្រកួតវិលជុំហេតុនេះគេត្រូវតែប្រឹងប្រែងយកឈ្នះម្ដងទៀតដើម្បីយកខ្សែក្រវាត់មកគ្រប់គ្រងឲ្យបាន។

ចំពោះ កង សាយ៉ាម វិញក៏អះអាងដែរថាគេក៏បានបង្កើនការហ្វឹកហាត់ដែរព្រោះគូប្រកួតគេខ្លាំងណាស់គេធ្លាប់បរាជ័យម្ដងហើយៗគេមិនចង់ដើរលើដានចាស់នោះទេពោលគឺ គេត្រូវការស្ពាយខ្សែក្រវាត់ត្រឡប់ទៅស្រុកគេវិញ។ទោះបីជាមានមហិច្ឆតាយ៉ាងនេះក៏ដោយក៏ កង សាយ៉ាម មិនហ៊ានមើលស្រាល ផាន់ គ្រាន់ ដែរ។ គួរបញ្ជាក់ថា កង សាយ៉ាម មានប្រវត្តិប្រកួតចំនួន ៧៨ដង ឈ្នះ៦៦ដង ចាញ់១២ដង។ មានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលត្រូវអ្នកប្រដាល់ថៃរូបនេះទាត់ចំកញ្ចឹងក និងថ្គាមបណ្ដាលឲ្យសន្លប់មិនតែប៉ុណ្ណោះជង្គង់ និងកែងរបស់គេកាន់តែមិនអាចមើលស្រាលបានទៅទៀត។ តើរវាងផាន់ គ្រាន់ និង កង សាយ៉ាម នរណានឹងក្លាយជាម្ចាស់ខ្សែក្រវាត់ដែលមានរង្វាន់អមចំនួន ៥.០០០ដុល្លារនេះ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់