ប្រដាល់សកលចម្រាញ់បានថ្នាលត្រៀមចូលជម្រើសជាតិ ៣រូបពីការប្រកួតជើងឯកថ្នាក់ជាតិ

នូ មករា December 1, 2017


ភ្នំពេញ៖ ក្រោយពីបានបញ្ចប់ការប្រកួតប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០១៧ នៅទឹកដី ឃុំវិហារសួគ៌រួចមក អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោកប៊ុយ សុភ័ណ្ឌ បានវាយតម្លៃថា នាឆ្នាំដំបូងនេះ ពិតជាមានការរីកចម្រើនខ្លាំងមិនធម្មតាឡើយដោយមានអត្តពលិកថ្នាលជាច្រើនដែលមាន សមត្ថភាពល្អៗប្រហាក់ប្រហែលគ្នាចូលរួមប្រកួតប្រជែងដណ្ដើមជើងឯកថ្នាក់ជាតិឆ្នាំ២០១៧នេះ។
លោកបានថ្លែងបែបនេះថា៖ «នៅឆ្នាំដំបូងនេះ សហព័ន្ធបានមើលឃើញកីឡាករជាច្រើនដែលមានសមត្ថភាពខ្លាំង ប៉ុន្តែគោលដៅរបស់សហព័ន្ធត្រូវតែសម្រួចទៅមុខ ឱ្យដល់កម្រិតលំដាប់ខ្លាំងបំផុត ដូច្នះទើបយើងធ្វើការសម្រិតសម្រាំងបានតែអ្នកប្រដាល់សកល ៣រូបដែលល្អបំផុតក្នុងចំណោមកីឡាករជាង ៨០នាក់មកពីទូទាំងប្រទេសតែប៉ុណ្ណោះ គឺទី១ មានកីឡាករ វី សុភ័ស្ស មកពីរាជធានីភ្នំពេញ, កីឡាករ សែត សារិទ្ធ មកពីខេត្តកំពត និងកីឡាករ ឡុង សារ័ត្ន មកពីខេត្តព្រៃវែង។»
លោកបានបន្តថា៖ «នៅក្នុងចំណោមកីឡាករ ៣រូបនេះ យើងសម្លឹងឃើញ កីឡាករ វី សុភ័ស្ស មានបច្ចេកទេសល្អជាងគេដែលជាក្ដីសង្ឃឹមរបស់កម្ពុជាក្នុងដំណើរឆ្ពោះទៅកាន់មេដាយមាសនៅលើឆាកអន្តរជាតិនាពេលខាងមុខ ហើយកីឡាកររូបនេះ ក៏ជាបេក្ខភាពកីឡាករវ័យក្មេងម្នាក់ដែលត្រៀមទៅហ្វឹកហាត់នៅប្រទេសចិនសម្រាប់រយៈពេល ៥ ឆ្នាំដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ផងដែរ។»
ជាមួយគ្នានេះដែរអគ្គលេខាធិការរូបនេះក៏បានប្រកាសពីការត្រៀមធ្វើតេស្តជ្រើសរើសកីឡាករ កីឡាការិនីថ្នាលដែលមានបញ្ហាមិនបានចូលរួមប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំនេះ និងកីឡាករផ្សេងៗមួយចំនួនទៀតនៅឆ្នាំ២០១៨ ឆាប់ៗខាងមុខនេះដើម្បីសហព័ន្ធបានដឹងឱ្យច្បាស់ពីសមត្ថភាពពួកគេ តើល្អជាងអ្នកដែលបានចូលរួមប្រកួតថ្នាក់ជាតិឆ្នាំនេះ ឬក៏ខ្សោយជាង មុននឹងសម្រេចទទួលពួកគេមកប្រមូលផ្ដុំចូលជម្រើសជាតិ ឈុតធំ និងឈុតតូច ។ គួរបញ្ជាក់ផងដែរថា ការប្រកួតនេះបានដំណើរការតាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ដោយមានរយៈពេល ៣ថ្ងៃពោលគឺត្រូវបានបញ្ចប់ត្រឹមថ្ងៃទី៣០ ខែធ្នូ ម្សិលមិញនេះ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់