ពុទ្ធ ឆាយរិទ្ធី និង សារឿន ចាន់ ប្រកាសមិនខ្លាចអ្នកប្រដាល់ថៃ ក្នុងជំនួបនៅថ្ងៃសៅរ៍ នេះឡើយ!

នូ មករា November 29, 2017


ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី បានត្រៀមខ្លួនរួចហើយដើម្បីតស៊ូជាមួយអ្នកប្រដាល់ជើងខ្លាំងស្រុកថៃ ឆូក ឆៃ(Chhuok Chhai) លើសង្វៀនហ្គេនស្ប៊ើករបស់អាស៊ីអាគ្នេយ៍នាយប់ថ្ងៃទី២ ខែធ្នូខាងមុខនេះ ។ រិទ្ធី ពេលនេះគេហាក់ដូចជាធ្លាក់ខ្លាំងណាស់ពិសេសកម្លាំងតែម្ដង។ នៅលើសង្វៀនគេចូលចិត្តចាប់ផ្ដើមវាយប្រហារលើគូប្រកួតតាំងពីដើមទឹកទី១ ទៅព្រោះកម្លាំងរបស់គេបន្តាប់ពីឆ្លងផុតទឹកទី២ហើយនោះគឺស្រុតចុះតែម្ដង។ អ្នកប្រដាល់កម្ពុជារូបនេះចូលចិត្តប្រើកែង និងជង្គង់ជាអាវុធដើម្បីផ្ដួលគូប្រកួតតែការវាយចេញរបស់គេមិនសូវជាបានច្បាស់នោះទេ។

 

រិទ្ធី ក៏មិនជាពូកែការពារដែរទេដោយរាល់ការប្រកួតគេតែងតែត្រូវគូប្រកួតវាយឲ្យរបួសហើយនៅពេលមានរបួសគេចាប់ផ្ដើមឆេវឆាវលោតវ៉ៃទាំងកម្រោលតែម្តង។ ការលោតវាយទាំងកម្រោលនេះហើយដែលធ្វើឲ្យគេមានរបួសកាន់តែច្រើន និងកាន់តែធំនោះ។ ជួនកាលដោយសារកំហឹងគេវាយបំពានលើគូប្រកួតក៏មានដែរ។ ចំពោះអ្នកប្រដាល់ថៃ ឆូក ឆៃ នេះគេពុំធ្លាប់ស្គាល់ចាញ់នៅស្រុកខ្មែរឡើយ។ គេក៏ជាអ្នកប្រដាល់ដែលមានជង្គង់រហ័សធ្ងន់ និងកែងវ៉ៃចេញបានលឿនហើយមុតទៀតផង។ គេធ្លាប់ប្រកួតស្មើអ្នកប្រដាល់ឡុង សុភី ក្លិបសាលវ័ន្ដកីឡាចំនួន ២លើកហើយនៅក្នុងការប្រកួតចុងក្រោយគេឈ្នះឡុង សុភី ដោយពិន្ទុដាច់ទៀតផង។ ឆូក ឆៃ ធ្លាប់ឈ្នះខ្សែក្រវាត់មួយពីស្រុកខ្មែរស្ពាយយកទៅស្រុករបស់គេ ដូច្នេះជំនួបមួយនេះវាមិនខុសពីផ្ដល់ការងារធ្ងន់ឲ្យពុទ្ធ ឆាយរិទ្ធី នោះឡើយ។ ចាំមើល តើអ្នកប្រដាល់កម្ពុជារូបនេះអាចដណ្ដើមជ័យជម្នះលើអ្នកប្រដាល់ថៃឆូក ឆៃ បានឬទេ ?

សារឿន ចាន់ ក្លិបតាព្រហ្មមានជ័យដែលការប្រកួតជាមួយអ្នកប្រដាល់បរទេសមួយរយៈនេះជួបបរាជ័យញឹកញាប់នោះត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ ផា យ៉ាកណយ (Pha Yaknoy) ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម។ សារឿន ចាន់ គេមានកលល្បិចវាយល្អតែកម្លាំងរបស់គេឆាប់ស្រុតចុះណាស់។ នៅពេលកម្លាំងធ្លាក់ចុះអ្នកប្រដាល់រូបនេះវាយចេញលែងរួចតែម្ដង។ ចំពោះផា យ៉ាកណយ គេមានកម្លាំងល្អឯកលល្បិចមិនលើ សារឿន ចាន់ នោះទេតែអ្នកប្រដាល់ថៃរូបនេះមានឈាមត្រជាក់ណាស់។ សារឿន ចាន់ អាចដណ្ដើមជ័យជម្នះលើអ្នកប្រដាល់ថៃរូបនេះបានឬទេ ?  បើបាននោះគេនឹងមានទីផ្សារប្រកួតឡើងវិញជាមិនខាន៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់