ជុំទី៣ នៃព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie នឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះហើយ!

នូ មករា November 28, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie ជុំទី៣ នឹងចាប់ផ្ដើមប្រកួតនៅថ្ងៃទី២ ខែធ្នូខាងមុខនេះហើយបន្ទាប់ពីជុំទី២ បានបញ្ចប់ជាស្ថាពរនោះ។ អ្វីដែលសំខាន់គឺនៅក្នុងជុំទី៣នេះនៅសល់ជើងខ្លាំងតែ ៨រូបប៉ុណ្ណោះហើយអ្នកដែលឈ្នះនៅជុំនេះនឹងបានឡើងទៅប្រកួតបន្តនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ប៉ុន្តែសម្រាប់អ្នកចាញ់គឺត្រូវខ្ទាតចេញពីការប្រកួតតែម្តង ។ សម្រាប់សមាសភាពកីឡាករនៅក្នុងថ្ងៃទី១ មានដូចជា អ៊ុំ វណ្ណេត មកពីក្លិបមរតកយុទ្ធគុនខ្មែរត្រូវជួបជាមួយជើងខ្លាំងវ៉ែន ហុងជីវ៉ុង របស់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង។ វណ្ណេតកាលពីជុំទី១ បានប្រកួតឈ្នះអ្នកប្រដាល់អ៊ុំ កំសត់ មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងដោយពិន្ទុហើយនៅជុំទី២ បន្តប្រកួតឈ្នះ ភុនសោភ័ណ្ឌ មកពីក្លិបនាគរាជមានជ័យនៅទឹកទី១។ ចំពោះវ៉ែន ហុងជីវ៉ុង វិញនៅជុំទី១ គេបានប្រកួតឈ្នះហ៊ឹម សារ៉ាន់ របស់សមាគមប្រដាល់ក្រសួងការពារជាតិនៅទឹកទី១ និងជុំទី២ ឈ្នះ ទេស ជីវ៉ា មកពីក្លិបកងពលតូចលេខ៧០ដោយពិន្ទុ។

ប្រកួតក្នុងព្រឹត្តិការណ៍នេះដែរសំអាង ឌុន របស់ក្លិបអេភូថងកីឡានឹងប្រកួតជាមួយអ្នកប្រដាល់គឹម វាសនា របស់ក្លិបទ័ពឆ័ត្រយោង៩១១។ សំអាង ឌុន កាលពីប្រកួតជម្រុះនៅជុំទី១ បានឈ្នះខុន ស៊ីចាន់ មកពីក្លិបអប់រំកាយស្រុកអន្លង់វែងខេត្តឧត្តរមានជ័យដោយពិន្ទុ និងជុំទី២ ឈ្នះរិទ្ធ មុន្នី ក្លិបម្កុដរាជសីហ៍នៅទឹកទី១។ ចំពោះគឹម វាសនា វិញនៅជុំទី១ បានឈ្នះ ធា នុរាជ របស់ក្លិបពោធិ៍ជ័យកីឡាដោយពិន្ទុ និងនៅជុំទី២ ឈ្នះរិន សារដ្ឋ មកពីក្លិបបញ្ជាការដ្ឋានកងទ័ពជើងទឹកនៅទឹកទី១។

ចំពោះការប្រកួតជាលក្ខណៈអន្តរជាតិវិញនោះគឺ ម៉ន វីរៈ មកពីក្លិបការិយាល័យទី៥ កងទ័ពជើងគោកនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ ប្រាប់ ប៉ាកបេកូ (Prab Pakbeko) ក្នុងប្រភេទទម្ងន់ ៥៤គីឡូក្រាម ។ ដោយឡែក ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិនោះ យ៉ាម រ៉េត របស់ក្លិបរស្មីកុមារកំព្រានឹងប្រកួតជាមួយឡុង ប៊ុនយីម របស់ក្លិបសាលវ័ន្ដកីឡាក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម។ ចំណែកថាន ប៊ុនរ៉ុង មកពីក្លិបកងយោធពលខេមរភូមិន្ទត្រូវប្រកួតជាមួយសយ សុខ មកពីក្លិបពន្លឺវិបុលដារិទ្ធពោធិ៍សែនជ័យក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់