ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិ នៅវិហារសួគ៌ ចាប់ផ្តើមហើយ!

នូ មករា November 28, 2017


ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ម្សិលមិញនេះ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានចាប់ផ្តើមការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិលើកដំបូងរបស់ខ្លួនដោយសហការជាមួយនឹងក្រសួងអប់រំយុវជន និងកីឡាហើយនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃនៅទីតាំងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនៃតំបន់អភិវឌ្ឍន៍ 7NG។ លោក ប៊ុយ សុភ័ណ្ឌ ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានឱ្យដឹងថា៖ «កីឡាករ កីឡាការិនីប្រដាល់សកលមាន ៥៨នាក់ចូលរួមដែលមកពី ៩រាជធានីខេត្ត និងក្រសួងចំនួន២ គឺក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ហើយមាន ៩ប្រភេទទម្ងន់គឺប្រភេទទម្ងន់ ៤៩គីឡូក្រាម, ៥២គីឡូក្រាម, ៥៧គីឡូក្រាម, ៦០គីឡូក្រាម, ៦៤គីឡូក្រាម, ៦៩គីឡូក្រាម, ៧១គីឡូក្រាម, ៧៥គីឡូក្រាម និង៨១គីឡូក្រាម»។
លោកបានបន្តទៀតថា៖ «នេះជាការប្រកួតមួយដែលសហព័ន្ធត្រូវការជាចំបាច់ក្នុងការជ្រើសរើសអត្តពលិកឆ្នើមៗយកមកបណ្ដុះបណ្ដាលដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ជាពិសេសគឺការធ្វើម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ តែម្ដង ហើយមួយវិញទៀតសម្រាប់ការជ្រើសរើសទីតាំងប្ដូរពីរាជធានីភ្នំពេញមកដល់តាមបណ្ដាខេត្តនេះ គឺជាយុទ្ធសាស្ដ្ររបស់សហព័ន្ធពោលគឺអូសទាញយុវជនឲ្យចូលរួមលេងកីឡាកាន់តែច្រើនផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមអភិវឌ្ឍន៍វិស័យកីឡាជាតិ និងរួមចំណែកធ្វើឲ្យប្រជាពលរដ្ឋរកបានចំណូលបន្ថែម តាមរយៈការរៀបចំព្រឹត្តិការណ៍ផ្សេងៗ តាមមូលដ្ឋានផ្ទាល់ទៀតផង»។
 
ជាមួយគ្នានេះដែរលោកឧកញ៉ា ស្រី ចាន់ថន តំណាងក្រុមហ៊ុន 7NG ដែលជាអ្នកឧបត្ថម្ភការរៀបចំជើងឯកជាតិឆ្នាំនេះបានលើកឡើងថា ដោយក្ដីស្រលាញ់ និងចូលចិត្តវិស័យកីឡាប្រដាល់ លោករីករាយក្នុងការជួយឧបត្ថម្ភគាំទ្រ ដើម្បីជំរុញវិស័យកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ។ ហេតុនេះហើយទើបលោកសម្រេចសហការជាមួយសហព័ន្ធ ដើម្បីរៀបចំជើងឯកថ្នាក់ជាតិលើទឹកដីអភិវឌ្ឍន៍របស់ខ្លួន បន្ថែមលើព្រឹត្តិការណ៍ប្រចាំខែផ្សេងៗទៀត ដូចជាការប្រណាំងសេះ ប្រណាំងម៉ូតូ និងកីឡាបាល់ទាត់ជាដើម ។
 
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប៊ូ ជុំសេរី បានថ្លែងកោតសរសើរចំពោះសហព័ន្ធកីឡាគុនខ្មែរដែលបានដើរទៅមុខមួយជំហានទៀតក្នុងការរៀបចំជើងឯកតាមខេត្តហើយឯកឧត្តមរំពឹងថា នៅឆ្នាំបន្ដបន្ទាប់សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំនេះទៅខេត្តដទៃទៀតដើម្បីបំផុសឲ្យមានការចូលរួមកាន់តែច្រើន ។ ប៉ុន្ដែបន្ថែមលើនេះ ឯកឧត្តមបានស្នើរដល់សហព័ន្ធត្រូវបង្កើនការផលិតធនធានកីឡាករឆ្នើមៗឲ្យបានកាន់តែច្រើនបន្ថែមទៀតដើម្បីត្រៀមស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់