ONE FC ៖ វី ស្រីខួច និង សឹុម ប៊ុនស្រ៊ន់ សុំទោសប្រជាជនខ្មែរក្រោយបរាជ័យនៅសិង្ហបុរី

នូ មករា November 27, 2017


ភ្នំពេញ៖ ក្រោយពីប្រឹងប្រែងប្រកួតអស់លទ្ធភាពនៅក្នុងព្រឹត្តិការណ៍ ONE Championship នៅលើទឹកដីសិង្ហបុរី ប៉ុន្តែមិនអាចទទួលបានជ័យជម្នះរួចមក កីឡាការិនី វី ស្រីខួច និង កីឡាករ ស៊ឹម ប៊ុនស្រ៊ន់ បានសម្ដែងនូវការសោកស្ដាយយ៉ាងខ្លាំងចំពោះការបរាជ័យរបស់ខ្លួននៅកីឡដ្ឋាន Singapore Indoor Stadium កាលពីយប់ថ្ងៃសុក្រកន្លងទៅថ្មីៗនេះ។
 វី ស្រីខួច ដែលបានសុំចុះចាញ់កីឡាការិនីម្ចាស់ផ្ទះនៅត្រឹមទឹកទី១ ដោយស្នៀតចាប់ក្លេនោះបានបង្ហាញការព្រួយបារម្ភតាំងពីមុនជួបប្រកួតមកម្ល៉េះ ជាមួយគ្នានេះនាងបានលើកឡើងថា៖ «ខ្ញុំពិតជាមានការសោកស្ដាយខ្លាំងណាស់ដោយមិនអាចទប់ទល់នឹងកីឡាកានិរី May Ooi របស់សិង្ហបុរីបាន។ កីឡាការិនី May Ooi គេពូកែចាប់ក្លេណាស់ហើយបច្ចេកទេសវ៉ៃក៏ល្អដែរ ម្យ៉ាងវិញទៀតនៅពេលចាប់ផ្ដើមប្រកួតភ្លាមនោះ May Ooi បានចាប់ក្លេខ្ញុំ២ដងទៅហើយ តែត្រូវខ្ញុំដោះស្នៀតក្លេរបស់គេរួចតែសំណាងមិនល្អការក្លេរបស់នាងលើកទី៣ បានធ្វើឱ្យខ្ញុំចុះចាញ់ឱ្យខានតែបាន»។
កីឡាការិនីដែលមានជំនាញគុនខ្មែររូបនេះបានបន្តទៀតថា៖ «ស្ថិតនៅក្នុងការប្រកួតកាលពីយប់ថ្ងៃសុក្រនោះ បើសិនជាខ្ញុំអាចវ៉ៃក្នុងស្ថាភាពវ៉ៃដកឃ្លាៗ និងជំហរវ៉ៃត្រង់ ជាលក្ខណៈប្រដាល់សកលនោះខ្ញុំជឿជាក់ថានឹងអាចយកឈ្នះកីឡាការិនី មចាស់ផ្ទះបាន»។ ទោះបីយ៉ាងណាកីឡាការិនីរូបនេះក៏បានថ្លែងសុំទោសទៅកាន់ប្រជាពលរដ្ឋខ្មែរ  និងអ្នកគាំទ្រជាច្រើនផ្សេងទៀតនូវការបរាជ័យរបស់ខ្លួនសម្រាប់ការប្រកួតវាយក្នុងទ្រុងលើកនេះ ។ ជាមួយគ្នានេះដែល លោកចាន់ រតនា គ្រូបង្វឹករបស់កីឡាការិនីវីស្រី ខួច បានបញ្ជាក់ដែរថា៖ «សម្រាប់ការប្រកួតនេះ ខ្ញុំក៏មានការសោកស្ដាយខ្លាំងដែរព្រោះថាកីឡាការិនីរបស់កម្ពុជាយើងមិនទាន់បានបញ្ចេញនូវកណ្ដាប់ដៃផងត្រូវបានគេបោកដួលបាត់ទៅហើយ ឯមួយទៀតភ្លាមៗនោះយើងបានចូលក្លេរបស់គេ តែយើងអាចដោះក្លេនោះបានតែសោកស្ដាយចូលក្លេទី២ គឺវាស៊ុបពេក (ចូលកន្លាក់ករពេញ) ដោយមិនអាចដោះបានឡើយ»។
លោកបន្តថា៖ «ខ្ញុំគិតថាកីឡាការិនីម្ចាស់ផ្ទះ May Ooi របស់សិង្ហបុរីនេះមិនលឿនប៉ុន្មាននោះទេ ហើយការវ៉ៃរបស់គេក៏មិនជាសូវចេះប៉ុន្មានដែរ តែគេពូកែក្លេតែម្ដងដែលជាហេតុធ្វើឱ្យកីឡាការិនីវីស្រី ខួច ចាញ់»។ ចំណែកឯឡាករក្បាច់គុនចម្រុះកម្ពុជាម្នាក់ទៀត មិនអាចរកជ័យជម្នះដូចកីឡាការិនី វីស្រី ខួចផងដែរគឺកីឡាករស៊ឹម ប៊ុនស្រ៊ន់ បានប្រកួតចាញ់ក្រោមថ្វីដៃកីឡាករចិន Miao Li Tao ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់