អ្នកប្រដាល់កម្ពុជា ៤រូបទទួលជ័យជម្នះក្នុងព្រឹត្តិការណ៍ “KHMER – THAI FIGHT 2017”

នូ មករា November 27, 2017


ភ្នំពេញ៖ នៅក្នុងព្រឹត្តិការណ៍ប្រដាល់ “THAI FIGHT 2017” ក្នុងវគ្គជម្រុះជុំទី១ នាយប់ថ្ងៃទី២៥ ខែវិច្ឆិកានាពហុកីឡដ្ឋានជាតិអូឡាំពិកអ្នកប្រដាល់កម្ពុជាប្រកួតឈ្នះអ្នកប្រដាល់បរទេសទាំង ៤រូបដូចគ្នា។ កីឡាករ ណាត សៀកនិន ក្លិបអារុណរះកីឡាដែលប្រកួតក្នុងប្រភេទទម្ងន់ ៥៦គីឡូក្រាមនោះឈ្នះអ្នកប្រដាល់ប្រេស៊ីល ចូ ណាថាន់ស៊ីលវ៉ា (Jonathan Silva) មុនស្នូរជួងបញ្ចប់ទឹកទី១។ កីឡាករឃុន ឌីម៉ា ម្ចាស់មេដាយមាសស៊ីហ្គេមទម្ងន់ ៦៣,៥០ គីឡូក្រាមរបស់ក្លិបរស្មីភូមិគាបខេត្តឈ្នះអ្នកប្រដាល់រុស្ស៊ីឌីមីទ្រី ម៉ដវីណូវ (Dmitrii Morvinov) ដោយពិន្ទុ ។ ចំណែកកីឡាករឡៅ ចិត្រា ក្លិបទ័ពឆ័ត្រយោ៩១១ បានប្រកួតឈ្នះអ្នកប្រដាល់រុស្ស៊ីកាស្ប៊ើក អាលីស៊ុលតាណូវ(Kazbek Alisultanov) ដោយពិន្ទុ និង ម៉ឺន សុភា មកពីសមាគមប្រដាល់ក្រសួងការពារជាតិ បានប្រកួតឈ្នះអ្នកប្រដាក់ណ័រវ៉េស ម៉ូហាម៉ាដ ខាលីល (Muhammad Khalil) ដោយពិន្ទុដែរ ។

ចំពោះ ៤គូទៀតដែលជាជំនួបរវាងថៃជាមួយបរទេសដែរនោះជាលទ្ធផលគឺអ្នកប្រដាល់សៀន ឆៃភីខេសៀនឆៃ (Seanchai P.K.Seanchai) បានប្រកួតឈ្នះអ្នកប្រដាល់អាមេរិក Arthur Sorsor ដោយពិន្ទុ ។ អ្នកប្រដាល់ថៃភី ធី ធីភេតរុងរឿង (P.T.T Patchrungrueng) ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់ទួរគី Gokhan Boran ។ អ្នកប្រដាល់ថៃសៀន សាត្រានភីខេសៀនឆៃ (Seansathrarn P.K Seanchai) ប្រកួតឈ្នះអ្នកប្រដាល់ប្រេស៊ីល Thiago Goulate ដោយពិន្ទុ និងមួយគូទៀតអ្នកប្រដាល់ថៃស៊ុតសាកន ស៊ឃ្លីនមី (Sudsakorn Sor Klinmee) ាបានឈ្នះអ្នកប្រដាល់អ៊ុយក្រែន Oleksandr Moisa ដោយពិន្ទុដែរ

លោក ថូស៊ីអាគិ ម៉ាអេខារ៉ា ជាអគ្គនាយកក្រុមហ៊ុន Tri Petch Isuzu Sales Cambodia Co., Ltd.ដែលជាអ្នកឧបត្ថម្ភធំសម្រាប់ព្រឹត្តិការណ៍នេះបានឲ្យដឹងថា ពួកយើងបានរៀបចំកម្មវិធីប្រដាល់ដែលមានឈ្មោះថា Isuzu Cup អស់រយៈពេលជាង 28 ឆ្នាំមកហើយ ដែលជាកម្មវិធីផ្សាយផ្ទាល់រយៈពេលវែង និងជាកម្មវិធីប្រដាល់ដែលមានប្រជាប្រិយភាពជាងគេនៅក្នុងប្រទេសថៃ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់