រកឃើញអ្នកឈ្នះចុងក្រោយនៃវគ្គជម្រុះ TV5 Boxing Knock-Out Serie by K-Cement ជុំទី២ ហើយ

នូ មករា November 27, 2017


ភ្នំពេញ៖ ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់វគ្គជម្រុះជុំទី២ នៅក្នុងការប្រកួតចុងក្រោយនាយប់ថ្ងៃទី២៥ ខែវិច្ឆិកានោះ។ ការប្រកួតចុងក្រោយនេះអ្នកប្រដាល់វុត្ថា ប៊ុនឃាង មកពីក្លិបអង្គរធំគុនខ្មែរដែលខិតខំព្យាយាមតាំងពីជុំទី១ មកនោះត្រូវអ្នកប្រដាល់សៅ វណ្ណា ទម្លាក់ចេញមិនឲ្យឡើងមកជុំទី៣ បានទៀតឡើយ។ ឯអ្នកប្រដាល់ពុយ វណ្ណៈ ក្លិបឃ្លាំងមឿងកីឡាក៏បានឡើងទៅប្រកួតវគ្គជម្រុះជុំទី៣ ទៀតដែរបន្ទាប់ពីយកឈ្នះអ្នកប្រដាល់មាស សុជាតិ មកពីក្លិបក្រុងប៉ោយប៉ែតកីឡានោះ។ នេះជាលើកទី២ ហើយដែលអ្នកប្រដាល់មាស សុជាតិ ត្រូវអ្នកប្រដាល់ពុយ វណ្ណៈ ធ្វើឲ្យឈឺចិត្ត។ សុជាតិ និង វុត្ថា ប៊ុនឃាង ត្រូវត្រឡប់ទៅផ្ទះវិញទាំងមិនសប្បាយចិត្ត។

គួរបញ្ជាក់ថា កាលពីចាប់ផ្ដើមវគ្គជម្រុះជុំទី១ មកនោះមានអ្នកប្រដាល់ចំនួន ៣២រូបចូលរួម។ នៅក្នុងជុំទី១ ជម្រុះយកតែ ១៦រូបប៉ុណ្ណោះដើម្បីឡើងមកប្រកួតវគ្គជម្រុះជុំទី២ គឺអ្នកឈ្នះបានឡើងឯអ្នកចាញ់ហាលអាវតែម្តង។ នៅជុំទី២ ដែលមាន ១៦រូបក៏អ្នកចាញ់ត្រូវហាលអាវដែរចំពោះអ្នកឈ្នះត្រូវឡើងទៅប្រកួតបន្តជុំទី៣ទៀត។ ជុំទី៣ ដែលនឹងត្រូវចាប់ផ្ដើមបន្តនោះគឺជម្រុះ ៤រូបចោលទុក ៤រូបដើម្បីឡើងទៅប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ជុំទី៣ គឺជាការប្រកួតមួយដែលកាន់តែតឹងតែងជាង ២ជុំមុនទៅទៀតព្រោះសុទ្ធតែអ្នកខ្លាំងដែលឆ្លងផុតការប្រកួតជម្រុះដល់ទៅ ២ជុំនោះ។ ចំណែកអ្នកប្រដាល់ទាំង ៨រូបដែលត្រូវប្រជែងគ្នាយកកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនោះមានអ៊ួ វណ្ណេត របស់ក្លិបមរតកយុទ្ធគុនខ្មែរ, វ៉ែន ហុងជីវ៉ុង ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង,សំអាង ឌុន ក្លិបអេភូថងកីឡាគឹម វាសនា ក្លិបទ័ពឆ័ត្រយោង៩១១, ផន ប៊ុនម៉ៅ ក្លិបកងយោធពលខេមរភូមិន្ទ, ង៉ែត រដ្ឋា ក្លិបតាព្រហ្មមានជ័យ, សៅ វណ្ណា ក្លិបយុវជនវាលស្បូវ និងអ្នកប្រដាល់ពុយ វណ្ណៈ របស់ក្លិបឃ្លាំងមឿងកីឡា។ អ្នកខ្លាំងទាំង ៨រូបនេះនរណាខ្ទាតចេញពីការប្រកួតហើយនរណាដណ្ដើមបានកៅអីសម្រាប់ឡើងប្រកួតបន្តវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់