ផល សោភ័ណ្ឌ និង សុខ សុវណ្ណ បង្ហាញមុខលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែក

នូ មករា November 24, 2017


ភ្នំពេញ៖ នៅលើសង្វៀនកំពូលអ្នកប្រយុទ្ធកណ្ដាប់ដៃដែករបស់ CNC នាថ្ងៃទី២៦ ខែវិច្ឆិកា អ្នកប្រដាល់កម្ពុជាសុខ សុវណ្ណ មកពីសមាគមប្រដាល់ក្រសួងការពារជាតិដែលមានប្រវត្តិប្រកួតចំនួន ១០៤ដង ឈ្នះ៧៦ដង ចាញ់១៩ដង ស្មើ៩ដង និងវាយគូប្រកួតឲ្យសន្លប់បាន ២២ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Phit Noy Dourngchaiphor ក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ អ្នកប្រដាល់ថៃ Phit Noy Dourngchaiphor មានប្រវត្តិប្រកួតចំនួន ៧១ដង ឈ្នះ៥៥ដង  ចាញ់១២ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់១០ដង។ រវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាជាអ្នកមានសមត្ថភាពដណ្ដើមជ័យជម្នះនោះឡើយ។

អ្នកប្រដាល់ផល សោភ័ណ្ឌ មកពីក្លិបតាឡីដំរីមានរិទ្ធដែលមិនសូវបង្ហាញមុខច្រើននោះនឹងប្រកួតជាមួយអ្នកប្រដាល់ថៃ Neungtrakan Kor Kamonwat ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម ។ សោភ័ណ្ឌ មានប្រវត្តិប្រកួតចំនួន ១១១ដង ឈ្នះ៨៦ដង ចាញ់១៩ដង ស្មើពិន្ទុ៦ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ៥១ដង។ ចំណែកឯអ្នកប្រដាល់ថៃ Neungtrakan Kor Kamonwat វិញនោះមានប្រវត្តិប្រកួតចំនួន ១០៧ដង ឈ្នះ៨៨ដង ចាញ់១៤ដង ស្មើពិន្ទុ៥ដង និងវាយគូប្រកួតឲ្យសន្លប់២០ដង ។ ដូច្នេះ ចាំមើលជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះជ័យជម្នះនឹងបានទៅលើអ្នកប្រដាល់កម្ពុជាផល សោភ័ណ្ឌ ឬអ្នកប្រដាល់ថៃ Neungtrakan Kor Kamonwat ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់