អ្នកប្រដាល់ខ្មែរ ៣ រូបរង់ចាំស្វាគមន៍ជើងខ្លាំងប្រេស៊ីល និង ថៃ នៅសង្វៀនគោជល់

នូ មករា November 23, 2017


ភ្នំពេញ៖ លើសង្វៀនគោជល់របស់ CNC យប់ថ្ងៃទី២៤ ខែវិច្ឆិកាអ្នកប្រដាល់កម្ពុជាពុទ្ធ ឆាយរិទ្ធី ក្លិបពុទ្ធសេរីវង្ស ត្រៀមខ្លួនប្រកួតជាមួយអ្នកប្រដាល់ប្រេស៊ីល Andre Luis Teixeira ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ រិទ្ធី ដែលកម្លាំងរបស់គេឆាប់ធ្លាក់ចុះនោះមានប្រវត្តិប្រកួតចំនួន ៨៣ដង ឈ្នះ៥៩ដង ចាញ់២១ដង ស្មើពិន្ទុ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់ ១៧ដង។ ចំពោះអ្នកប្រដាល់ប្រេស៊ីល Andre Luis Teixeira វិញនេះជាលើកដំបូងហើយដែលគេមកប្រកួតនៅស្រុកខ្មែរ។ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៤៥ដង ឈ្នះ៣០ដង ចាញ់១៣ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១២ដង។ រិទ្ធី មានសមត្ថភាពដណ្ដើមជ័យជម្នះបានឬទេ
ចំពោះការប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់វិញនោះ ឌុន រដ្ឋា  ក្លិបអេភូថងកីឡាប្រកួតជាមួយអ្នកប្រដាល់ថៃ Famangkorn Sit Pansak ។ រដ្ឋា ដែលមានប្រវត្តិប្រកួតចំនួន ១០៧ដង ឈ្នះ៧៩ដង ចាញ់២៤ដង ស្មើពិន្ទុ៤ដង និងវាយគូប្រកួតឲ្យសន្លប់ ១៥ដងនោះ ត្រូវមកប្រកួតជំនួស ផុន ផាន់ណា ដែលរក្សាទម្ងន់មិនបាន។ ដូច្នេះ រដ្ឋា មានភារកិច្ចគ្រាន់តែមកប្រកួតកំដររោងដើម្បីបញ្ចប់កម្មវិធីប៉ុណ្ណោះ។ ចំពោះ Famangkorn Sit Pansak មានប្រវត្តិប្រកួតចំនួន ១០០ដង ឈ្នះ៧២ដង ចាញ់២២ដង ស្មើពិន្ទុ ៦ដង និងវាយគូប្រកួតឲ្យសន្លប់១៥ដងដែរនោះ ឃើញថា ២ប្រកួតរបស់គេក្នុងព្រឹត្តិការណ៍នេះឈ្នះ ១ប្រកួតចាញ់១ ប្រកួត ។ យ៉ាងណាក៏ដោយ គេជឿថាអ្នកប្រដាល់ថៃរូបនេះមានឱកាសឈ្នះទៀតជាមិនខាន។

ចំណែក ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Nathakeat Pranchumphun ដែលនេះជាការប្រកួតលើកទី៣ ដូចគ្នា។ សុវណ្ណឌឿន មានប្រវត្តិប្រកួតចំនួន ១៣៣ដង ឈ្នះ១១០ដងចាញ់១៥ដង ស្មើពិន្ទុ៨ដង និងវាយគូប្រកួតឲ្យសន្លប់៤០ដង។ ក្នុងព្រឹត្តិការណ៍ ២ប្រកួតរបស់ សុវណ្ណឌឿន ចាញ់ទាំង២ប្រកួត។ Nathakeat Pranchumphun មានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ៧៣ដង ចាញ់១៩ដង ស្មើពិន្ទុ៣ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់១៤ដង។ ក្នុងព្រឹត្តិការណ៍នេះអ្នកប្រដាល់រូបនេះ២ប្រកួតរបស់គេឈ្នះ១ប្រកួតចាញ់១ប្រកួត។ លើកនេះមិនដឹងថានរណាមានសំណាងល្អនោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់