ជើងខ្លាំងរួមជាច្រើនគូជួបគ្នាលើសង្វៀនអាឡិចហ្សង់

នូ មករា October 20, 2017


ភ្នំពេញ៖ លើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃអាទិត្យទី២២ ខែតុលានេះអ្នកប្រដាល់រួមជាតិចំនួន ៥គូនឹងជួបគ្នាលើសង្វៀនតែមួយដោយកីឡាករ វ៉ែន ហុងជីវ៉ុង អ្នកខ្លាំងរបស់ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបងស្កាត់មកប្រកួតជាមួយរិទ្ធ មុន្នី របស់ក្លិបម្កុដរាជសីហ៍ ។ ជាអ្នកខ្លាំង និងសម្បូរកលល្បិចដូចគ្នាគ្រាន់តែមុន្នីវ៉ៃចូលចិត្តដកថយបន្តិចចំពោះជីវ៉ុងវិញគេវ៉ៃមិនសូវចេះដកថយឡើយ ។ ជាអ្នកប្រដាល់ដែលមានកម្លាំងខ្លាំងនោះការវ៉ៃចេញរបស់អ្នកប្រដាល់មកពីខេត្តបាត់ដំបងរូបនេះតែងតែធ្វើឲ្យគូប្រកួតដួលសន្លប់ក្រោមកណ្ដាប់ដៃ ឬទម្ងន់ជើងរបស់ខ្លួន ។កែងរបស់អ្នកប្រដាល់រូបនេះមិនសូវជាអស្ចារ្យនោះទេតែជង្គង់របស់គេវ៉ៃចេញបានធ្ងន់ណាស់ ។ ចំពោះមុន្នីការវ៉ៃចេញរបស់គេស្រាលបន្តិចមែនតែគេវ៉ៃចំគោលដៅបានល្អ ហើយអ្នកប្រដាល់រូបនេះពូកែគេចចេញពីការវាយប្រហាររបស់គូប្រកួតណាស់ ។ ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះប្រាកដជា៥ទឹកហើយៗរវាងអ្នកឈ្នះ និង អ្នកចាញ់ប្រាកដជាទ្រមខ្លួនដូចគ្នាជាមិនខានឡើយ ។

ជាមួយគ្នានេះ ឆាយ ម៉េត មកពីក្លិបសំរោងកោងខេត្តបាត់ដំបងប្រកួតជាមួយអ្នកប្រដាល់ជើងថ្មីង៉ែត វុធ របស់ក្លិបទ័ពឆ័ត្រយោង ៩១១ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ភាពអំណត់របស់ឆាយ ម៉េតមិនខ្លាំងទេតែគេវ៉ៃចូលចិត្តប្ដូរ ។ ប្រសិនបើគេចាញ់ប្រៀបគូប្រកួតនោះទោះបីមួយចានទឹកមួយចានគោកក៏គេប្រថុយប្ដូរដែរ ។ កម្លាំងរបស់ឆាយ ម៉េត ឆាប់ស្រុតចុះបន្តិចគឺបើស្ថានភាពនៃការប្រគ្រឹកគ្រេងខ្លាំងនោះចូលដល់ទឹកទី៤កម្លាំងរបស់គេវេទនាហើយ ។ ចំពោះង៉ែត វុធ វិញបើនិយាយពីកម្លាំងនិងភាពអំណត់របស់គេអស្ចារ្យណាស់ ។កលល្បិចនៃការប្រកួតក៏មិនអន់ដែរតែអ្នកប្រដាល់រូបនេះវ៉ៃមិនចូលចិត្តប្ដូរដោយអត់ប្រយោជន៍នោះទេ ។ សម្រាប់គូនេះគេជឿថាង៉ែត វុធមានឱកាសឈ្នះច្រើនជាង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់