សារឿន ចាន់ សាកកណ្ដាប់ដៃជាមួយម៉ាឡៃ ងិន នៅថ្ងៃអាទិត្យនេះ

នូ មករា October 13, 2017


ភ្នំពេញ៖ សារឿន ចាន់ មកពីក្លិបតាព្រហ្មមានជ័យត្រូវបានដាក់ឲ្យប្រដាល់ថៃម៉ាឡៃ ងិន (Malay Ngen)ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាមលើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍ព្រឹកថ្ងៃទី១៥តុលា ។ សារឿន ចាន់ ជាអ្នកប្រដាល់មួយរូបដែលពេលនេះកំពុងតែស្រុតចុះយ៉ាងខ្លាំង ។ ដោយសារការស្រុតនេះទើបធ្វើឲ្យសារឿន ចាន់ស្ទើរតែលែងមានគូប្រកួតនោះ ។ សម្រាប់ការប្រកួតនេះសំខាន់ណាស់សម្រាប់ ចាន់ ព្រោះប្រសិនបើគេមានសមត្ថភាពផ្ដួលគូប្រកួតរបស់ខ្លួនឲ្យសន្លប់ចាប់ទីទឹកទី១ដល់ទឹកទី៣ គេនឹងបានរង្វាន់លើកទឹកចិត្តបន្ថែមពីអាឡិចហ្សង់ពីលើតម្លៃខ្លួនប្រកួតចំនួន ១លានរៀលទៀត ។

សារឿន ចាន់ មានប្រវត្តិប្រកួតចំនួន៨៩ដង ឈ្នះ៧៥ដង ចាញ់១២ដងនិងស្មើពិន្ទុ ២ ដង ។ គេជាអ្នកប្រដាល់ដែលមានផ្លែវ៉ៃល្អ ការពារល្អតែកម្លាំងរបស់គេចាប់ពីទឹកទី៣ទៅកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។ ចំពោះអ្នកប្រដាល់ថៃម៉ាឡៃ ងិនវិញគេទើបតែមកប្រកួតនៅស្រុកខ្មែរលើកទី ១ទេមិនដឹងថាគេមានសមត្ថភាពបែបណាឡើយ ។ គេមានប្រវត្តិប្រកួតចំនួន៦៥ដង ឈ្នះ៥៤ដង ចាញ់១១ដង ។ ការប្រកួតនេះមិនដឹងថានរណាឈ្នះនោះទេតែសារឿន ចាន់គេត្រូវការឈ្នះខ្លាំងណាស់ពិសេសជ័យជម្នះមុនទឹកទី៣ដើម្បីប្រាក់រង្វាន់បន្ថែម១.០០០.០០០រៀល ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់