កីឡាករថៃម្នាក់ជាប់សង្ស័យពីការប្រកួតមិនអស់សមត្ថភាពនៅសង្វៀន SEA TV

នូ មករា October 11, 2017


ភ្នំពេញ៖ ទោះបីរំលងជាង ៣ថ្ងៃហើយក៏ដោយក៏មហាជនជាច្រើននៅតែបន្តនិយាយពីភាពមិនប្រក្រតីក្នុងព្រឹត្តិការណ៍ប្រកួតប្រដាល់នៅសង្វៀនអាស៊ីអាគ្នេយ៍កាលពីល្ងាចថ្ងៃអាទិត្យកន្លងទៅនេះក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះដំបូងសន្សំពិន្ទុដណ្តើមខ្សែក្រវាត់ស្រាបៀរ Barrley Black ទម្ងន់ ៦៥ គីឡូក្រាម ដោយពាក់ព័ន្ធនឹងកីឡាករបរទេស ១រូបដែលមហាជនមានការសង្ស័យថាប្រកួតមិនអស់សមត្ថភាព។ បើតាមគណៈកម្មការប្រកួតម្នាក់សុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា សកម្មភាពប្រកួតខ្សែក្រវាត់ពីរសប្តាហ៍នេះកីឡាករថៃចំនួន ២ នាក់ជាប់សង្ស័យពីការប្រកួតមិនអស់សមត្ថភាព និងមានចេតនាចាញ់អាចទាក់ទងទៅនឹងអំពើភ្នាល់ក្រៅសង្វៀនដែលមានទឹកលុយរាប់ពាន់ដុល្លារ ខណៈដែលវិធានការរបស់មន្ត្រីបច្ចេកទេសសហព័ន្ធកីឡាគុនខ្មែរនៅតែដើរយឺតជាងពួកអ្នករកស៊ីភ្នាល់ប្រដាល់នៅឡើយ ។ ភាពសង្ស័យនោះបានកើតឡើងទៅលើគូប្រកួតដណ្តើមខ្សែក្រវាត់ គឺកីឡាករ ជា សំនៀង មកពីក្លិបកងទ័ពឆត្រយោង ៩១១ បានផ្ដួលឱ្យ កីឡាករ Phlay Noy របស់ថៃ ដែលជាជើងខ្លាំងនោះសន្លប់នៅពាក់កណ្ដាលទឹកទី៤។ ការសន្លប់របស់ Phlay Noy នោះត្រូវបានអ្នកទស្សនាផ្ទាល់ជុំវិញសង្វៀនស្រែកចំអក ដោយសារតែកីឡាករថៃរូបនេះ កំពុងតែល្អ និងមានសមត្ថភាពខ្លាំងនៅឡើយ ប៉ុន្តែ Phlay Noy ហាក់ដូចជាបើកឱកាសឲ្យជា សំ នៀង វាយចូលដោយកណ្តាប់ដៃ និងបន្ថែមដោយជង្គង់ដែលបានធ្វើឲ្យរូបគេដួលសន្លប់ភ្លាមៗក្នុងពាក់កណ្តាលទឹកទី ៤។
 
ប្រភពដដែលបានបន្តថា មហាជនបានដាក់ការសង្ស័យថា កីឡាករថៃរូបនេះអាចនឹងវាយមិនអស់ពីសមត្ថភាព និងមានចេតនាធ្វើចាញ់ទាក់ទងទៅនឹងទីផ្សារងងឹតភ្នាល់ប្រដាល់។ លោកថៃ អ៊ូ ប្រតិភូនាំកីឡាករថៃមកប្រកួតបានបញ្ជាក់ថា៖ «ខ្ញុំមិនជាប់ទាក់ទងជាមួយក្រុមឈ្មួញភ្នាល់លុយទាំងនោះទេ។ ចំពោះបញ្ហាក្នុងការប្រកួត ២ សប្តាហ៍នេះ កីឡាករថៃដែលជាប់សង្ស័យ Phlay Noy ដោយសារតែគេមិនសូវស្រួលខ្លួន ប៉ុន្តែមិនអាចដកខ្លួនបានដោយសារតែមិនចង់ឲ្យខូចកម្មវិធី»។ លោកបានអះអាងពីភាពស្អាតស្អំ និងបានប្រកាសដាក់ពិន័យ ប្រសិនបើបងប្អូនណារកឃើញភ័ស្តុតាងពីកីឡាករថៃទាំងនេះជាប់ពាក់ព័ន្ធរឿងបញ្ហាប្រកួតស៊ីសំណូកនោះ។ ជាមួយគ្នានេះដែរលោករាជ សុផែន ប្រធានវិនិច្ឆ័យ និងលោកញាន សុធី នាយកគ្រប់គ្រងកម្មវិធីដែលមានវត្តមានក្នុងពេលប្រកួត មិនបានបញ្ចេញប្រតិកម្មចំពោះការសន្លប់របស់ Phlay Noy នោះឡើយទោះបីអ្នកទស្សនាជុំវិញសង្វៀនប្រតិកម្មមិនពេញចិត្តចំពោះការសន្លប់របស់កីឡាករថៃក៏ដោយ ៕
អត្ថបទ៖ ប៉ាវឡុង ជីង

 

មតិយោបល់