លោកថៃ អ៊ូ ប្រកាសលក់ចេញអ្នកប្រដាល់ជើងខ្លាំងរបស់ខ្លួន ២ រូប

នូ មករា October 11, 2017


ភ្នំពេញ៖ លោកថៃ អ៊ូ ដែលគេស្គាល់ជាទូទៅថា ជាប្រធានសមាគមប្រដាល់ខេត្តបន្ទាយមានជ័យ និងជាម្ចាស់ក្លិបប្រដាល់ក្រុងប៉យប៉ែត ព្រមទាំងជាអ្នកដឹកនាំកីឡាករប្រដាល់ថៃមកប្រកួតនៅសង្វៀនអាស៊ីអាគ្នេយ៍នោះបានប្រកាសថាលោកនឹងលក់ចេញនូវអ្នកប្រដាល់ល្បីៗរបស់លោកចំនួន ២រូប ។ លោកនិយាយថាអ្នកប្រដាល់ទាំង ២ រូបនេះលោកលក់ចេញក្នុងតម្លៃតែ ១.០០០ដុល្លារប៉ុណ្ណោះ ។ អ្នកទាំងពីររូបនោះគឺ កីឡាករ ថៃ រដ្ឋា ដែលមានទម្ងន់៥៧គីឡូក្រាមហើយលោកបានទិញយកមកពីក្លិបការិយាល័យទី៥កងទ័ពជើងគោករបស់លោកម៉ាង ម៉ន មិនទាន់បាន ១ ឆ្នាំទេតែពេលនេះ រដ្ឋា បានក្លាយជាអ្នកប្រដាល់មួយរូបដែលលំបាករកគូប្រកួតខ្លាំងណាស់ ។ រាល់ការប្រកួតជាមួយអ្នកប្រដាល់ថៃត្រូវគេលុបចេញដោយសារតែអ្នកប្រដាល់ថៃដែលលោកថៃ អ៊ូ ជាអ្នកនាំមកប្រកួតនៅស្រុកខ្មែរហើយគេខ្លាចកីឡាកររូបនេះដែលជិះឡានមកជាមួយគ្នាពីប៉ោយប៉ែតមកនោះវ៉ៃមិនអស់ពីសមត្ថភាព ។

អ្នកប្រដាល់មួយរូបទៀតដែលលោកប្រកាសលក់ចេញដែរនោះគឺមាស សុជាតិ ដែលវ៉ៃក្នុងប្រភេទទម្ងន់៦៥គីឡូក្រាម ។ មាស សុជាតិមានឈ្មោះប្រកួតក្នុងព្រឹត្តិការណ៍ខ្សែក្រវាត់ Barrley Black របស់អាស៊ីអាគ្នេយ៍ ។ សុជាតិ វ៉ៃបានមួយប្រកួតហើយក៏ត្រូវដកចេញវិញដោយសង្ស័យថាអ្នកប្រដាល់ថៃពេលជួបប្រកួតជាមួយសុជាតិ វ៉ៃមិនអស់ពីសមត្ថភាពដោយសារតែខ្លាចចិត្តលោកថៃ អ៊ូ ។ លោកថៃ អ៊ូ បាននិយាយថាប្រសិនបើសិស្សរបស់លោកវ៉ៃមិនអស់ពីសមត្ថភាបនោះលោកនឹងសងថ្លៃខូចខាតកម្មវិធីរបស់ទូរទស្សន៍ ហើយលោកក៏មិនទាមទារលុយតម្លៃខ្លួនព្រមទាំងឲ្យសហព័ន្ធដាក់ទណ្ឌកម្មដល់កីឡាកររបស់លោកទៀតផង ។

ម្ចាស់ក្លិបរូបនេះបាននិយាយថាលោកអស់សង្ឃឹមណាស់ដែលលោកខំបណ្ដុះបណ្ដាលកីឡាករបានល្អបែរជាមិនមានឱកាសប្រកួតទៅវិញលោកអាណិតពួកគេណាស់ហេតុនេះលោកមានតែប្ដូរក្លិបឲ្យគេដើម្បីឲ្យពួកគេមានឱកាសប្រកួត ។ លោកឡុង វណ្ណថន ដែលជាគ្រូបង្វឹកក្លិបពន្លឺណេអុងកំពុងតែចែចូវជាមួយលោកថៃ អ៊ូក្នុងបំណងទិញយកអ្នកប្រដាល់ទាំង ២ រូបនេះតែអ្វីៗនៅចចារគ្នាបន្តទៀតសិន ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់